ស្ថាបនិកក្លឹបភ្នំពេញក្រោន ស្នើសុំវិនិយោគគម្រោងពហុបំណងនៅខេត្តកោះកុង លើផ្ទៃដីជាង ៦ពាន់ហិកតា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា កុក អាន អគ្គនាយកក្រុមហ៊ុន  Anco Group អ្នករកស៊ីដ៏មានឥទ្ធិពលម្នាក់នៅក្នុងពិភពជំនួញនៅប្រទេសកម្ពុជា និងជាសមាជិកព្រឹទ្ធសភាកូតាគណបក្សប្រជាជនកម្ពុជា បានស្នើសុំវិនិយោគគម្រោងពហុបំណង របស់ក្រុមហ៊ុន អានកូ លើផ្ទៃដីទំហំ ៦.១៤៥,៩៦ ហិកតា ស្ថិតក្នុងឧទ្យានជាតិបុទុមសាគរ លាតសន្ធឹងលើស្រុកចំនួនពីរ គឺស្រុកបូទុមសាគរ និងស្រុកគិរីសាគរ នៃខេត្តកោះកុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនថ្ងៃឆ្លងឆ្នាំសកល ២០២២ចូលមកដល់ ពោលគឺនៅថ្ងៃសុក្រ ទី២៩ធ្នូ ឆ្នាំ២០២១ ឧកញ៉ា កុក អាន និងលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត លោក សុខខេង នរិន្ទ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថានកម្ពុជា បានចុះពិនិត្យមើលសំណើរសុំវិនិយោគគម្រោងពហុបំណង របស់ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ។

ជាមួយគ្នានេះ លោក អ៊ុក ភ័ក្រ្តា បានបង្ហាញនូវគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ ដែលបានជ្រើសរើសទឹកដីនៃខេត្តកោះកុងសម្រាប់ការវិនិយោគគម្រោងពហុបំណងនេះ ដែលនឹងបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ មកកាន់ខេត្តកោះកុងបន្ថែមទៀត។

បើតាម អ៊ុក ភ័ក្រ្តា ខេត្តកោះកុង មានគម្រោងវិនិយោគធំៗបានបង្ហាញខ្លួនជាច្រើននៅក្នុងតំបន់ស្តុកនៃខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ដូចជាព្រលានយន្តហោះតារាសាគរកម្រិត 4E កំពង់ផែទឹកជ្រៅ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ រួមទាំងគម្រោងអភិវឌ្ឍន៍ដ៏សន្ធឹកសន្ធាប់ផ្សេងទៀត ។

ទោះយ៉ាងណាក៏ដោយ លោកអភិបាលរងរូបនេះ ក៏បានស្នើឲ្យក្រុមហ៊ុន អានកូ របស់ឧកញ៉ា កុក អាន ពិនិត្យមើលនូវ ៦ចំណុចនេះជាមុន ទី១ ក្រុមហ៊ុនត្រូវអនុវត្តការងារឳ្យស្របទៅនឹងច្បាប់ស្តីពីការវិនិយោគ និងគោលការណ៍នានាដែលរាជរដ្ឋាភិបាលបានអនុញ្ញាត ទី២ រៀបចំឲ្យមានផែនការមេច្បាស់លាស់ និងអនុវត្តការងារអោយបានរួសរាន់ ទី ៣ ក្រុមហ៊ុនត្រូវសិក្សាផលប៉ះពាល់នៃគម្រោងឱ្យបានច្បាស់លាស់ ពិសេសលើផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ទី៤ ផ្តល់កិច្ចសហការឳ្យបានជិតស្និត និងល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលអាចកើតមានឡើង ទី៥ ត្រូវធានាថាគម្រោងវិនិយោគនេះនឹងគ្មាន រឺមានផលប៉ះពាល់អវិជ្ជមានកម្រិតទាបបំផុត ទៅលើបរិស្ថាន និងការរស់នៅរបស់ប្រជាជនក្នុងតំបន់ និងទី ៦ សូមចូលរួមការលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន តាមរយៈការផ្តល់ឳកាសការងារ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

សេចក្តីរាយកាណ៍របស់ទស្សនាវដ្តី Fox  ដែលជាទស្សនាវដ្តីល្បីល្បាយទូទាំងពិភពលោកជំនាញខាងស្រាវជ្រាវក៏ដូចជាស៊ើបអង្កេតនិងចុះផ្សាយពីទ្រព្យសម្បត្ដិរបស់មហាសេដ្ឋីនៅលើពិភពលោក នៅក្នុងឆ្នាំ២០១៨ បានបង្ហាញពីទ្រព្យសម្បត្ដិរបស់មហាសេដ្ឋីស្រុកខ្មែរចំនួន ១០រូប។ ក្នុងនោះឧកញ៉ា កុក អាន ត្រូវបានទស្សនាវដ្តីនេះ បង្ហាញថា ឈរលំដាប់លេខរៀងទី៥ នៃបញ្ជីអ្នកមានប្រចាំស្រុកខ្មែរ ដោយលោកមានលុយប្រមាណ ៧៥០ លានដុល្លារអាមេរិក។

មហាសេដ្ឋី​ខ្មែរ​គ្រាក់ៗ​ទៅចូលរួម​ពិធី​ខួប​កំណើត​ឧកញ៉ា​ គិត ម៉េង  ដល់​អូស្ត្រាលី! — Cambonomist

ក្នុងទសវត្ស១៩៨០ លោកធ្វើជំនួញចេញចូលជាមួយប្រទេសថៃឡង់ដ៍ និងប្រទេសវៀតណាម។ ក្នុងទសវត្ស១៩៩០ លោកបានចូលរកស៊ីខាងឧស្សាហកម្មនេសាទត្រី បារីថ្នាំជក់។ ពាណិជ្ជករ កុក អាន បានទទួលងារ “ឧកញ៉ា” នៅថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៥ តាមរយៈព្រះរាជក្រឹត្យលេខ ០១៩៥/០៤។

តាមការស្រាវជ្រាវបឋមរបស់សារព័ត៌មានឧកញ៉ាញូស៍ ឧកញ៉ា កុក អាន មានមុខជំនួញគ្រាក់ៗចំនួន ៦ ដែលមានសកម្មភាពលេចធ្លោនៅពេលបច្ចុប្បន្ន។

១.ក្រុមហ៊ុន អានកូ អាហរ័ណ នីហរ័ណ (Anco Brother Co., Ltd) ជាក្រុមហ៊ុនចែកចាយបារីបរទេសពីក្រុមហ៊ុន Singapura United Tobacco, Ltd.។ ចាប់ពីឆ្នាំ១៩៩៣មក ក្រុមហ៊ុន អានកូ បងប្អូន ចែកចាយបារីថ្នាំជក់ឲ្យក្រុមហ៊ុន British American Tobacco (BAT) នៅប្រទេសកម្ពុជា។ ជាមួយនឹងទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក ខណៈក្រុមហ៊ុននេះរកប្រាក់ចំណេញបានរហូត ៤៨លានដុល្លារ ហើយម្ចាស់ភាគហ៊ុន គឺអ្នកឧកញ៉ា កុក អាន ៥០% និងឈ្មោះ សុខ អុឹម ៥០%។

២.ក្រុមហ៊ុន Crown Resort Co., Ltd ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលវិនិយោគទៅលើការ កាស៊ីណូ សណ្ឋាគារ  និងការកម្សាន្ត ជាប់នឹងព្រុំដែនប្រទេសវៀតណាម ស្ថិតនៅភូមិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល។ ក្រោមការបណ្តាក់ទុនវិនិយោគពីអ្នកឧកញ៉ា កុក អាន អស់ទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក ខណៈចំណូលបានពីការវិនិយោគចំនួន ៦០០លានដុល្លារ។ កាស៊ីណូនេះ មានបុគ្គលិកសរុបចំនួន ១១៦៦នាក់។

៣.ក្រុមហ៊ុន Anco Electricity Co., Ltd បង្កើតឡើងនៅឆ្នាំ១៩៩៩ បើប្រាស់ទុនវិនិយោគ ៤លានដុល្លារអាមេរិក ដោយចាប់ផ្តើមសាងសង់បង្កើតប្រតិបត្ដិការនិងរក្សាទំរង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ២២ គីឡូវ៉ុល ដែលមានសមត្ថភាព ១១,៧ មេហ្គាវ៉ាត់ ដែលផ្គត់ផ្គង់អគ្គិសនី ៧០% ទិញពីថៃ។

៤.ក្រុមហ៊ុន Khmer Electrical Power Co., Ltd គឺជាក្រុមហ៊ុនផ្គត់ផ្គង់នឹងចែកចាយអគ្គីសនី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ជាមួយទុនវិនិយោគ ២៥លានដុល្លារអាមេរិក។

៥.រោងចក្រ Ice Cream &Pure Drinking Water 

៦.ធនាគារ ឯកទេស អានកូ (Anco Specialized Bank) ចាប់ផ្តើមដំណើរការនៅឆ្នាំ២០០៦ ជាមួយទុនវិនិយោគ ២៥លានដុល្លារអាមេរិក ក្រោមបណ្តាក់ទុនពីអ្នកឧកញ៉ា កុក អាន។

លើសពីនេះ ឧកញ៉ា កុក អាន គឺស្ថាបនិកក្លឹបភ្នំពេញក្រោន បានបង្កើតឡើងនៅឆ្នាំ២០០១ ពោលគឺបានមួយឆ្នាំបន្ទាប់ពីសហព័ន្ធបាល់ទាត់កម្ពុជា បានរៀបចំលីគកំពូលរបស់ខ្លួនសារជាថ្មីម្តងទៀត៕