មហាសេដ្ឋី ១០ រូប ធ្លាប់​មាន​ទ្រព្យ​ចាយ​មិន​អស់ តែ​ប្រហែស​មួយ​ពេល​ធ្លាក់ខ្លួន​ដល់​បាត

អន្តរជាតិ
1.8K Shares

មិនថា​អ្នក​ជា​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ច្រើន​កម្រិត​ណា​ក៏​ដោយ ប្រសិន​បើ​អ្នក​ចាយវាយ​ខ្ជះខ្ជាយ​មិន​ចេះ​សន្សំ មិន​ចេះ​ទុកដាក់ និង​គ្មាន​បញ្ជី​ចំណូល​ចំណាយ​ត្រឹមត្រូវ នោះ​មិនយូរ​ទេ​ទ្រព្យសម្បត្តិ​អស់​ទាំងនោះ​នឹង​រលាយ​ត្រឹម​មួយ​ពព្រិច​ភ្នែក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្ដែង បើ​យោង​តាម​ការ​ចុះផ្សាយ​ពី Valuewalk បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​មាន​មហាសេដ្ឋី​ដល់​ទៅ ១០ រូប​រួច​មក​ហើយ​ដែល​ធ្លាប់​មាន​លុយ​ច្រើន​ពាន់​លាន​ដុល្លារ តែ​ធ្លាក់ខ្លួន​គ្មាន​សល់​សូម្បី​មួយ​កាក់​ក្នុង​កុង​ធនាគារ។

តទៅ​នេះ​គឺ​ជា​បញ្ជីឈ្មោះ​មហាសេដ្ឋី ១០ រូប​ដែល​ធ្លាក់​ខ្លួន​ដល់​បាត​៖

10/ Aubrey McClendon

ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​ផលិត​ប្រេងឥន្ធនៈ និង​ហ្គាស Chesapeake Energy ដែល​លោក​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១,២ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៦ ស្របពេល​គ្រានោះ​លោក​រង​ការ​ចោទប្រកាន់​ពី​បទ​ស៊ី​សំណូក​សូកប៉ាន់ និង​បទល្មើស​ជាច្រើន​ទៀត។

ជាអកុសល​ ​ថ្ងៃមួយ​លោក​បាន​មាន​គ្រោះថ្នាក់​ចរាចរណ៍​បាត់បង់​ជីវិត ខណៈ​គេ​បាន​ទម្លាយ​ថា​លោក​ជាប់​បំណុល​ជាច្រើន ហើយ​កុង​ធនាគារ​របស់​លោក​គឺ​ស្ទើរ​តែ​ធ្លាក់​ដល់​លេខ​សូន្យ​ពេល​លោក​ទទួល​អនិច្ចកម្ម។

9/ Björgólfur Gudmundssona

​ធ្លាប់ជា​អតីត​អ្នកមាន​ដាច់គេ​ទី ២ នៅ​ប្រទេស​អ៊ីស្លង់​ និង​ធ្លាប់​ជា​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​នៅ​ធនាគារ Landsbanki តែ​នៅ​ឆ្នាំ ២០០៨ ពេល​ពិភពលោក​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ធនាគារ​របស់​លោក​ត្រូវ​បាន​រឹបអូស​ដោយ​រដ្ឋាភិបាល​អ៊ីស្លង់ ហើយ Gudmundssona ប្រកាស​ក្ស័យធន ជាមួយ​នឹង​ទ្រព្យសម្បត្តិ ១,២ ពាន់​លាន​ដុល្លារ មក​សល់​ត្រឹម​សូន្យ​ដុល្លារ។

8/ Jocelyn Wildenstein

ស្ត្រី​ដែល​មាន​រហស្សនាម​ថា Catwoman ព្រោះ​តែ​ការ​កែសម្ផស្ស​របស់​អ្នកស្រី គឺ​ធ្លាប់​ជា​បុគ្គល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​អំឡុង​ទសវត្ស​ឆ្នាំ ២០០០ ដោយសារ​ការ​ចាយវាយ​មិន​សំចៃ​ដៃ​របស់​អ្នកស្រី ពោល​គឺ​ធ្លាប់​ជះ​លុយ​ប្រមាណ ១ លាន​ដុល្លារ​ទៅលើ​សម្ភារៈ​និយម និង​ ៥ ០០០ ដុល្លារ​លើ​កាត​ទូរស័ព្ទ​ជា​រៀងរាល់​ខែ។

យ៉ាងណា នៅ​​ខែឧសភា ឆ្នាំ ២០១៨ អ្នកស្រី​បាន​ប្រកាស​ក្ស័យធន ជាមួយ​នឹង​គណនី​ធនាគារ​ដែល​មាន​ទឹកប្រាក់​សូន្យ​ដុល្លារ​។

7/ Eike Batista

ស្ដេចត្រាញ់​ប្រេង​ដែល​ធ្លាប់​ជា​អ្នកមាន​បំផុត​លើលោក​ទី ៧ ចាប់​ផ្ដើម​បាត់បង់​ទ្រព្យសម្បត្តិ​របស់​លោក​បន្តិចម្ដងៗ ​បន្ទាប់​ពី​ក្រុមហ៊ុន​ប្រេង OGX មិនអាច​ផ្គត់ផ្គង់​តម្រូវការ​របស់​អតិថិជន​បាន​ទៀងទាត់។

នៅឆ្នាំ ២០១២ ទ្រព្យសម្បត្តិ​របស់​អតីត​មហាសេដ្ឋី​រូបនេះ​គឺ​មាន​ប្រមាណ ៣០ ពាន់​លាន​ដុល្លារ តែ ៥ ឆ្នាំ​ក្រោយ លោក​បាន​ចោទ​ប្រកាន់​ពី​បទ​លាងលុយ​កខ្វក់ និង​ពុករលួយ រួច​ក៏​សម្រេចចិត្ត​ប្រកាស​ក្ស័យធន​នា​ពេលនោះ។

6/ Sean Quinn

លោក Quinn គឺ​ជា​បុគ្គល​ដែល​មាន​មុខមាត់​មួយ​រូប​នៅ​ក្នុង​ប្រទេស​អៀរឡង់ តែ​នៅ​ឆ្នាំ ២០០៨ ពេល​ពិភពលោក​កំពុង​ជួប​ប្រទះ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​យ៉ាប់យ៉ឺន បាន​បង្ខំ​ឲ្យ​បុរស​ជនជាតិ​អៀរឡង់​សម្រេច​ចិត្ត​ប្រកាស​ក្ស័យធន​នៅឆ្នាំ ២០១១ ដែល​គ្រានោះ​លោក​នៅ​សល់​ទ្រព្យ​ប្រមាណ​ជាង ៧ ម៉ឺន​ដុល្លារ ពី​ទ្រព្យ​ដែល​ធ្លាប់​មាន ២,៨ ពាន់​លាន​ដុល្លារ។

5/ Allen Stanford

ចូល​ដល់​ពាក់កណ្ដាល​បញ្ជី​ឈ្មោះ គឺ​ជា​បុរស​ដែល​កំពុង​ជាប់​ពន្ធនាគារ​រយៈពេល ១១០ ឆ្នាំ​ពី​បទ​ឆបោក​លក្ខណៈ​បណ្ដាញ Ponzi Scheme ដែល​ករណី​របស់​លោក​គឺ​ជា​ករណី​ឆបោក​​បែប​បណ្ដាញ​ធំ​បំផុត​ទី ២​​ នៅ​សហរដ្ឋអាមេរិក។

ការ​ឆបោក​នេះ​គឺ​បាន​បង្ហាញ​ទិន្នន័យ​ពី​ការ​ខាតបង់​រហូត​ដល់ ៧ ពាន់​លាន​ដុល្លារ​ ពី​មនុស្ស​ច្រើន​ជាង ១៨ ០០០ នាក់​ដែល​ភាគច្រើន​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​វ័យ​ចូលនិវត្តន៍ និង​ជឿ​តាម​ពាក្យ​ញុះញង់​របស់​លោក​ចំពោះ​ការ​វិនិយោគ​ដែល​គ្មាន​គ្រោងការណ៍​ច្បាស់លាស់។

4/ Vijay Mallya

Mallya គឺជា​មហាសេដ្ឋី​ឥណ្ឌា​ដែល​ភាគច្រើន​ត្រូវ​គេ​ស្គាល់​ថា​ជា​ស្ដេចត្រាញ់​ផលិត​គ្រឿង​ស្រវឹង ដោយសារ​លោក​ជា​មនុស្ស​សម្ភារៈ​និយម​ ចូលចិត្ត​ជីវិត​ស៊ីវិល័យ ទើប​មនុស្ស​ជាច្រើន​តែង​ច្រណែន​នឹង​ជីវិត​ដ៏​ហ៊ឺហា​មួយ​នេះ។

យ៉ាងណា នៅឆ្នាំ ២០១២ អតីត​ម្ចាស់​ក្រុមហ៊ុន​អាកាសចរណ៍​ Kingfisher Airlines ត្រូវបាន​គេ​ទម្លាយ​ថា ជាប់​បំណុល​ធនាគារ​ច្រើន​កន្លែង ដើម្បី​ទប់ទល់​ការ​ចំណាយ​លើ​អាជីវកម្ម​អាកាសចរណ៍។ ដោយសារ​គ្មាន​លទ្ធភាព​សង​បំណុល​ បុរស​រូបនេះ​បាន​ភៀសខ្លួន​ពី​ឥណ្ឌា​ទៅ​អង់គ្លេស ហើយ​ថ្មីៗនេះលោក​ត្រូវ​បាន​ចាប់ខ្លួន​ ខណៈ​តុលាការ​ឥណ្ឌា​កំពុង​កសាង​សំណុំរឿង​ដើម្បី​ផ្ដន្ទាទោស​អតីត​មហាសេដ្ឋី​ពី​បទ​ឆបោក​ធនាគារ និង​លាងលុយ​កខ្វក់។

3/ Bernie Madoff

ដូចគ្នា​ទៅ​នឹង​លោក Stanford បុរស​ដែល​មាន​ឈ្មោះ Madoff គឺ​កំពុង​ជាប់​ពន្ធនាគារ​រយៈពេល ១៥០ ឆ្នាំ ជាមួយ​បទល្មើស​ឆបោក​លក្ខណៈ​បណ្ដាញ Ponzi Scheme ធំ​បំផុត​នៅ​អាមេរិក។ កាលពី​ឆ្នាំ​ទៅ​បុរស​រូបនេះ​ធ្លាប់​ស្នើ​សុំ​នៅ​ក្រៅឃុំ ដោយសារ​រូប​លោក​សល់ពេល​ត្រឹម ២ ឆ្នាំ​ប៉ុណ្ណោះ​សម្រាប់​ការ​រស់នៅ ព្រោះ​បច្ចុប្បន្ន​បញ្ហា​តម្រងនោម​របស់​លោក​ស្ថិត​នៅ​ដំណាក់​កាល​ចុងក្រោយ​ហើយ។

2/ Patricia Kluge

ក្រោយ​លែងលះ​ជាមួយ​ស្វាមី​ដែល​ជា​បុគ្គល​មាន​មុខមាត់ លោកស្រី Kluge បាន​យក​លុយ​ទាំងនោះ​ទៅ​វិនិយោគ​លើ​ចំការ​ទំពាំងបាយជូរ​សម្រាប់​ធ្វើ​ស្រាក្រហម តែ​ដោយសារ​ឱនភាព​យ៉ាង​គំហុក​នៃ​ទីផ្សារ​អចលនទ្រព្យ​បាន​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​របស់​លោកស្រី​រលាយ​ត្រឹម​មួយ​ពព្រិច​ភ្នែក។

បើទោះជា​ព្យាយាម​ប្រមែប្រមូល​គ្រឿងអលង្ការ និង​វត្ថុ​កម្មសិទ្ធិ​ផ្សេងៗ​ទៀត​ទៅ​លក់​ ដើម្បី​ទប់ទល់​ការ​ក្ស័យធន​បែបណា ក៏​វា​នៅ​តែ​ជៀស​មិនផុត ហើយ​ចុងក្រោយ​លោកស្រី​បាន​ប្រកាស​ក្ស័យធន​នៅ​ឆ្នាំ ២០១១។

1/ Elizabeth Holmes

ធ្លាប់​ត្រូវបាន​ Forbes ដាក់​រហស្សនាម​ថា​ជា​ស្ត្រី​វ័យក្មេង​បំផុត​ដែល​សាង​ទ្រព្យសម្បត្តិ​ខ្ទង់​ពាន់​លាន​ដុល្លារ​ពី​បាត​ដៃ​ទទេ តែ​បច្ចុប្បន្ន​អ្នកនាង​កំពុង​ជាប់​ចោទ​ពី​បទ​ឆបោក​ដ៏​ធំ​មួយ។ ក្រុមហ៊ុន Theranos ដែល​ជា​ក្រុមហ៊ុន​ពិនិត្យ​ឈាម​របស់​អ្នកនាង គឺ​កំពុង​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ក្រុម​វិនិយោគិន និង​អ្នក​ជំងឺ​ជាច្រើន​នាក់។ បច្ចុប្បន្ន អ្នកនាង​កំពុង​ដោះស្រាយ​រឿងក្ដី​ដ៏​ចាក់ស្រែះ​មួយ​នេះ ស្របពេល Forbes វាយ​តម្លៃ​ថា​ទ្រព្យសម្បត្តិ​របស់​អ្នកនាង​គឺ​សូន្យ​ដុល្លារ៕

ប្រភព: valuewalk

1.8K Shares