ឃើញស្លៀកពាក់ស្អាតបាត ជិះឡានទំនើប តាមពិតឧកញ៉ា សំ សុខនឿន ចុះប្រឡូកការងារអចលនទ្រព្យដូចកសិករសឹងរាល់ថ្ងៃ

ជុំវិញ​ឧកញ៉ា

ធ្លាប់តែបង្ហាញខ្លួនជាសាធារណៈ ក្នុងនាមជាអ្នកចែករំលែកចំណេះដឹង ជំនាញ បទពិសោធដល់មហាជន តាមបណ្ដាញសារព័ត៌មាន និងឡើងប៉ុស្តុ៍ទូរទស្សន៍ ប៉ុន្តែថ្ងៃនេះ ប្រធានសមាគមអចលនទ្រព្យសកល ឧកញ៉ា សំ សុខនឿន ងាកមកចែករំលែកបទពិសោធនដ៏កម្រ ស្ដែងពីតថភាពពិតក្នុងនាមជាអ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យ ក្នុងរយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា សំ សុខនឿន បង្ហើបថា៖ “ខ្ញុំបាទ ឈ្មោះ សំ សុខនឿន ត្រូវបានគេស្គាល់ថា Sam។ បងប្អូនតែងតែឃើញខ្ញុំស្លៀកពាក់ស្អាតបាតសមរម្យ តាមរយៈសារព័ត៌មាន និងប៉ុស្តិ៍ទូរទស្សន៍ តែបងប្អូនដឹងទេថា ខ្ញុំតែងតែដើរចុះទឹកស្រែ ដើរតាមផ្លូវបន្លារ ជិះម៉ូតូតាមផ្លូវដីហុយ ផ្លូវភ្លឺស្រែ ក្រោមភ្លៀង និងកំដៅថ្ងៃជាង ១០ឆ្នាំមកហើយ ពីមុនធ្វើបែបនេះស្ទើរតែរាល់ថ្ងៃ ដោយសារតួនាទីជាអ្នកវិនិយោគអចលនវត្ថុដោយខ្លួនឯង។”

តាមរយៈសំណេររៀបរាប់ពីដំណើរជីវិតតស៊ូ ចាប់ផ្ដើមពីជំហ៊ានដំបូង ទម្រាំជោគជ័យឈរជើងបានរឹងមាំក្នុងនាមជាអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា ដូចនាពេលបច្ចុប្បន្ននេះ គេអាចវាយតម្លៃបានថា ឧកញ៉ា សំ សុខនឿន ជាមនុស្សម្នាក់ដែលមានការលះបង់ខ្ពស់ និងមានគោលដៅមុតស្រួច ក្នុងអាជីពមួយនេះ ត្បិតការប្រឡូកខ្លួន ឬបជ្រាបខ្លួនក្នុងវិស័យអចលនទ្រព្យ មិនមែនជាការងារងាយស្រួល ឬជាការងារដែលអង្គុយ ក្នុងម៉ាស៊ីនត្រជាក់ ពាក់ខោអាវស្អាតៗតែប៉ុនណេះទេ ។

បើងាកមកចាប់អារម្មណ៍ពីប្រវត្តិសិក្សារបស់ ប្រធានសមាគមអចលនទ្រព្យសកល ឧកញ៉ា សំ សុខនឿន វិញ ឃើញថា លោកមានប្រវត្តិជាកូនកសិករនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (អតីតខេត្តកំពង់ចាម) ក៏ពិតមែន ប៉ុន្តែលោកបានបន្តការសិក្សា រហូតដល់បរទេសឯណោះ។

1. បឋមសិក្សា៖ នៅសាលាបឋមសិក្សាខ្សាច់ប្រឆេះកណ្តាល ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (អតីតខេត្តកំពង់ចាម)។

2. អនុវិទ្យាល័យ៖ សិក្សានៅសាលាវិទ្យាល័យក្រូចឆ្មារ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (អតីតខេត្តកំពង់ចាម)។

3. វិទ្យាល័យ៖ សិក្សានៅវិទ្យាល័យព្រះសីហនុ ទីរួមខេត្តកំពង់ចាម។

4. បរិញ្ញាបត្រ៖ សាកលវិទ្យាល័យ Norton ផ្នែកគ្រប់គ្រប់ពាណិជ្ជកម្ម ជំនាញគ្រប់គ្រប់។

5. អនុបណ្ឌិត៖ សាកលវិទ្យាល័យ NUS ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគ្រប់គ្រង។

6. បណ្ឌិត ៖ បេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ University Of Salford ចក្រភពអង់គ្លេស។

សម្រាប់បទពិសោធន៍ការងារវិញ ឧកញ៉ា សំ សុខនឿន ធ្លាប់បានប្រឡូកច្រើនក្នុងវិស័យអប់រំ ក្នុងតួនាទីជាអ្នកប្រែផ្ទាល់មាត់ និងបកប្រែកឯកសារ មុនចាប់យកអាជីពជាភ្នាក់ងារផ្ដល់សេវាកម្មអចលនទ្រព្យ រហូតក្លាយជាអ្នកវិនិយោគក្នុងវិស័យនេះ។ លោកបានបញ្ជាក់ថា លោកធ្លាប់ធ្វើការងារដូចជា៖

1. ជាអ្នកបកប្រែផ្ទាល់មាត់ និងអ្នកបកប្រែឯកសារ

2. គ្រូបង្រៀនភាសារអង់គ្លេស

3. ជាភ្នាក់ងារលក់ខុនដូ

4. ប្រធានក្រុមភ្នាក់ងារលក់ខុនដូ

5. នាយកផ្នែកលក់ខុនដូ

6. ម្ចាស់អាជីវកម្មក្រុមហ៊ុនភ្នាក់ងារ Kw Sam Sn

7. អ្នកវិនិយោគអចលនទ្រព្យ

8. អ្នកវិនិយោគក្នងក្រុមហ៊ុនអភិវឌ្ឍន៍បុរិ

9. ប្រធានសមាគមGRA។

ឧកញ៉ា សំ សុខនឿន បច្ចុប្បន្ន លោកគឺជាអ្នកជំនាញផ្នែកអចលនវត្ថុនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Kw Sam Sn Realty Co., Ltd រួមទាំងជាប្រធានសមាគមអចលនទ្រព្យសកល។ បច្ចុប្បន្ន លោកកំពុងដឹកនាំ ក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងតំណាងក្រុមហ៊ុនរបស់លោកនៅតាមបណ្ដារាជធានី ខេត្ត-ក្រុង ប្រកបដោយវឌ្ឍនភាព លើការផ្ដល់គ្រប់សេវាកម្មអភិវឌ្ឍអចលនវត្ថុក្នុងទីផ្សារកម្ពុជា៕