កម្ពុជា-ឥណ្ឌូណេស៊ី សម្លឹងមើលឱកាសតភ្ជាប់ជើងហោះហើរត្រង់ជាមួយ​គ្នា

សង្គម​និង​សេដ្ឋកិច្ច

អំឡុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា និងលោក សេនឌីយ៉ាហ្កា សាលាហ៊ូឌីន អ៊ូណូ (Sandiaga Salahudin Uno) រដ្ឋមន្រ្តីទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសគឺដើម្បីជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឥណ្ឌូណេស៊ីនេះ មានគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងរួមគ្នាស្តារវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឲ្យបានឆាប់រហ័ស។

អនុស្សារណៈយោគយល់គ្នានេះដែរ គឺដោយផ្តោតលើ៖១៖ រួមគ្នាផ្សព្វផ្សាយ និងទីផ្សារនៅពិព័រណ៌ទេសចរណ៍ថ្នាក់តំបន់ និងអន្តរជាតិ។២៖ ផ្លាស់ប្តូរបទពិសោធន៍លើការរៀបចំផែនការ និងគ្រប់គ្រងគោលដៅទេសចរណ៍។៣៖ ជំរុញ និងលើកទឹកចិត្តផ្នែកឯកជន ដើម្បីវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍។ ៤៖ ជួយគ្នាទៅវិញទៅមកលើការអភិវឌ្ឍធនធានមនុស្ស និងកសាងសមត្ថភាពដល់អ្នកជំនាញ។ ៥៖ ជំរុញកិច្ចសហប្រតិបត្តិការលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ សន្និសីទ ពិព័រណ៍ទេសចរណ៍ និងកិច្ចប្រជុំផ្សេងៗ។ ៦៖ ជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ៕