Royal Villa តម្លៃជាង ៥លានដុល្លារ របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង លក់ដាច់លើសពីការរំពឹងទុក

ជុំវិញ​ឧកញ៉ា

Royal Villa ផ្ទះវីឡាលំដាប់អភិជនដ៏ប្រណីត និងធំស្កឹមស្កៃ តម្លៃខ្ទង់លានដុល្លារ ក្នុងគម្រោងបុរី “វិមានសំណាង” របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវ គង់ សំណាង ដែលទើបប្រកាសបើកលក់ជាផ្លូវការកាលពីពេលថ្មីថ្មោងនេះ លេចឮព័ត៌មានថា មានអតិថិជនកក់ប្រាក់ទិញយកអស់រលីង។ នេះបើតាមការបញ្ជាក់របស់ ម្ចាស់គម្រោង ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រាប់ Oknha News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា គីម ហ៊ាង បានបញ្ជាក់ថា៖ “ក្នុងគម្រោង បុរី វិមានសំណាង ដែលសាងសង់ផ្ទះវីឡាច្រើនប្រភេទ លើផ្ទៃដីជាង ២៥ ហិចតា នេះ យើងធ្វើវីឡាប្រភេទ Royal Villa តែ ៣វីឡាប៉ុនណោះ ហើយផ្ទះវីឡាប្រភេទនេះ មានតម្លៃជាង ៥លានដុល្លារ តែឥឡូវយើងលក់អស់គ្មានសល់”។

ក្នុងចំណោម Royal Villa ដែលដាក់លក់តម្លៃចន្លោះពី៥-៦ លានដុល្លារ ស្ថាបនិកបុរី វិមានសំណាង ឧកញ៉ាបណ្ឌិត គីម ហ៊ាង បង្ហើបថា កត្តាដែលធ្វើឱ្យអតិថិជនមានទំនុកចិត្តខ្ពស់លើគម្រោងយើងខ្ញុំ ដោយសារតែ ប្រភេទ Royal Villa មានលក្ខណៈពិសេសលើសពីផ្ទះវីឡាធម្មតា។  

លោកថា Royal Villa ជាប្រភេទផ្ទះវីឡាធំជាងគេ និងប្រណីតជាងគេ ជាពិសេសស្ថិតលើទីតាំងនៃផ្លូវកែងប្រសព្វគ្នាចំនួន ៣ ហើយសុទ្ធតែបែរមុខទៅរកព្រែកធម្មជាតិ ដែលស័ក្តិសមខ្លាំងមែនទែន សម្រាប់អតិថិជនលំដាប់អភិជន ប្រាថ្នាចង់បានការរស់នៅបែបស្ងប់ស្ងាត់ ជាមួយធម្មជាតិដ៏ស្រស់បំព្រង។

ម្ចាស់គម្រោង បុរី វិមានសំណាង ដដែលរូបនេះ ប្រាប់លម្អិតទៀតថាប្រភេទផ្ទះ Royal Villa ទាំងនេះ មានទំហំធំ សាច់ដីទំហំ ៥០ម៉ែត្រ x ៦០ម៉ែត្រ សំណង់ផ្ទះទំហំ ១៨ម៉ែត្រ x ៣០ម៉ែត្រ កម្ពស់ ៣ជាន់ និងមានបន្ទប់គេង ១០ បន្ទប់ ។

យ៉ាងណាមិញ ក្នុងចំណោមផ្ទះវីឡាដ៏ធំស្កឹមស្កៃទាំង ៣វីឡា នោះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បង្ហើបថា លោកទុកនៅខ្លួនឯងមួយ ហើយពីរទៀត គេកក់លុយយកអស់ហើយ។ លោកថា៖ “Royal Villa មានចំនួនតែ ៣ប៉ុណ្ណោះ ដោយម្ចាស់បុរីទុកនៅខ្លួនឯង ១វីឡា ហើយមានឧកញ៉ាលំដាប់ខ្ពស់ ៧នាក់ កំពុងចរចាទិញ Royal Villa ដែលមានតែ ២វីឡា សម្រាប់លក់!”។  

គម្រោង បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង សាងសង់លើផ្ទៃដី ២៥ ហិចតា ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ ខាងជើងក្រសួង ដែនដី នគររូបនីយកម្ម និងសំណង់ ប្រមាណ ២៥០០ ម៉ែត្រ។ គម្រោងដ៏ធំស្កឹមស្កៃ របស់ប្រធាន KW Cambodia រូបនេះ បណ្ដុំទៅដោយផ្ទះ​វីឡាលំដាប់អភិជន សរុបមានជាង ៤៥០វីឡា ដូចជា Royal Villa, King Villa Queen Villa និង Prince Villa ជាដើម៕