IMF ព្រមានប្រទេស El Salvador នឹងមិនផ្តល់កម្ចីឱ្យឡើយ បើមិនឈប់ប្រើប្រាស់ Bitcoin ជាការទូទាត់ស្របច្បាប់

អន្តរជាតិ

ថ្មីៗនេះ ក្រុមប្រឹក្សាភិបាលរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទទូចឱ្យប្រទេស El Salvador បញ្ឈប់ការប្រើប្រាស់កាក់ឌីជីថល Bitcoin ជារូបិយប័ណ្ណស្របច្បាប់ ដោយសារតែហានិភ័យដ៏ធំរបស់កាក់នេះ ខណ:វាក៏ជាឧបសគ្គចម្បងមួយ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជាតិ ដើម្បីទទួលបានប្រាក់កម្ចីពីស្ថាប័ននេះផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងផងដែរថា El Salvador កាលពីឆ្នាំមុន បានព្យាយាមស្វែងរកប្រាក់កម្ចីចំនួន ១,៣ ពាន់លានដុល្លារពី IMF ប៉ុន្តែយ៉ាងណា ការពិភាក្សានោះត្រូវបានរារាំង ដោយសារតែក្តីបារម្ភចំពោះការប្រើប្រាស់ Bitcoin របស់ប្រទេសនេះ ។

មិនតែប៉ុណ្ណោះ ស្ថានប័នខាងលើ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា នាយកប្រតិបត្តិ IMF ដែលតំណាងឱ្យប្រទេសសមាជិកចំនួន ១៩០ បានគូសបញ្ជាក់ពីហានិភ័យរបស់ប្រភេទកាក់ឌីជីថល Bitcoin ចំពោះ ស្ថិរភាពហិរញ្ញវត្ថុ សុចរិតភាពហិរញ្ញវត្ថ និងការការពារអ្នកប្រើប្រាស់ រួមជាមួយនិងបំណុលដែលជាប់ពាក់ព័ន្ធជាមួយនឹងសារពើពន្ធផងដែរ ។ ហើយស្ថាប័នបានជំរុញឱ្យអាជ្ញាធរប្រទេស El Salvador ធ្វើការបង្រួមវិសាលភាពស្របច្បាប់នៃកាក់ Bitcoin ហើយដកចេញនូវការទូទាត់របស់កាក់ឌីជីថលប្រភេទនេះវិញ ។

រំលឹកផងដែរថា El Salvador នៅក្នុងខែកញ្ញាឆ្នាំមុន បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានដាក់ឱ្យប្រើប្រាស់ Bitcoin ជាការទូទាត់ស្របច្បាប់ ដោយប្រធានាធិបតីលោក Nayib Bukele ។

លើសពីនេះ ប្រទេសដែលស្ថិតនៅទ្វីបអាមេរិកកណ្តាលមួយនេះ បានចាប់ផ្តើមទិញ Bitcoin កាលពីឆ្នាំមុន នៅពេលដែលតម្លៃរបស់វាមានចំនួនប្រហែល ៥០ ០០០ ដុល្លារក្នុងមួយកាក់ ហើយប្រទេសនេះ បានទិញយកយ៉ាងហោចណាស់ ១ ៨០១ កាក់ ។ ប៉ុន្តែវាបានធ្លាក់ចុះ ៤៥% ពីកម្រិតខ្ពស់បំផុត ដែលមានតម្លៃជិត ៦៨ ០០០ ដុល្លារ នៅដើមខែវិច្ឋិកា ដែលនេះមានន័យថា El Salvador បានខាតបង់ប្រហែល ២០ លានដុល្លារ។ យ៉ាងណានេះបើយោងតាមការគណនាដោយសារព័ត៌មាន Bloomberg News ៕

ប្រភព: Aljazeera