ADB ផ្តល់កម្ចី ៩៥លានដុល្លារឲ្យកម្ពុជា ក្រោយមើលឃើញប្រព័ន្ធសុខាភិបាលនៅតែងាយរងគ្រោះពីមេរោគដែលតា និងអូមីក្រុង

សង្គម​និង​សេដ្ឋកិច្ច

ដើម្បីបន្តជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានអនុម័តប្រាក់កម្ចីចំនួន ៩៥លានដុល្លារ ក្នុងការស្តារសេដ្ឋកិច្ចពីជំងឺរាតត្បាតសកល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងយ៉ាងពេញលេញ ដល់ប្រជាពលរដ្ឋប្រមាណ៨០% នៃប្រជាពលរដ្ឋសរុប១៦,៧លាននាក់ ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ ជាមធ្យមពលរដ្ឋកម្ពុជាច្រើនជាងម្នាក់ ក្នុងចំណោមពលរដ្ឋប្រាំនាក់ ឬ២១,៨% បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។

ទោះបីជាយ៉ាងនេះក្តី ធនាគារអភិវឌ្ឍន៍អាស៊ី បានគូសបញ្ជាក់ថា ប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជានៅតែងាយរងគ្រោះ ចំពោះការកើនឡើងនៃការឆ្លងថ្មី នៃមេរោគបំប្លែងខ្លួនដូចជា Delta និង Omicron ជាដើម។

លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គម របស់ADB បានលើកឡើងថា គម្រោងនេះនឹងជួយកម្ពុជា ដើម្បីសង្គ្រោះជីវិត ដោយកាត់បន្ថយចំនួនករណីឆ្លងមេរោគធ្ងន់ធ្ងរ និងបង្កើនល្បឿន នៃការស្តារសេដ្ឋកិច្ចរបស់ប្រទេសពីជំងឺរាតត្បាត។

លើសពីនេះ ADB ក៏នឹងផ្តល់ជំនួយបច្ចេកទេសចំនួន១លានដុល្លារ ដើម្បីជួយកម្ពុជាបង្កើនប្រសិទ្ធភាព នៃប្រព័ន្ធដឹកជញ្ជូន និងផ្គត់ផ្គង់វ៉ាក់សំាង ព្រមទាំងកាត់បន្ថយបញ្ហាប្រឈម ក្នុងការទទួលបានវ៉ាក់សាំងក្នុងចំណោមស្ត្រី កុមារី កុមារតូច និង ក្រុមពលរដ្ឋដែលនៅឆ្ងាយ។

សូមជម្រាបថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ADB បានផ្តល់ប្រាក់កម្ចីចំនួន ២៥០លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាព សង្គម និងសេដ្ឋកិច្ចនៃ ជំងឺរាតត្បាតនេះ។ បន្ថែមលើនេះ ADB ក៏បានផ្តល់ឧបករណ៍ការពារខ្លួនប្រមាណ១,៧លានគ្រឿង ដល់កម្ពុជាក្នុងឆ្នាំ២០២១ផងដែរ៕