​តំបន់​កម្សាន្ត​មាត់ទឹក​​ល្បីបំផុត​ចុងឃ្នៀស បើ​ក​​ឡើងវិញនេះ​តម្លៃ​សំបុត្រ​អ្នក​ចង់​ទៅលេង

សង្គម​និង​សេដ្ឋកិច្ច

គ្រឹះស្ថានអង្គរ បានប្រកាសចាប់ផ្ដើមបើកលក់សំបុត្រជិះទូកទស្សនាតំបន់បឹងទន្លេសាប នៅកំពង់ផែទេសចរណ៍ចុងឃ្នៀស ចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងតម្លៃ ៧ ដុល្លារចំពោះភ្ញៀវទេសចរណ៍ម្នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តំបន់ទេសចរណ៍នៅបឹងទន្លេសាបមាន ៤ កន្លែង ដែលភ្ញៀវទេសចរភាគច្រើនចូលចិត្តទៅកម្សាន្តរួមមានតំបន់មេជ្រៃ កំពង់ភ្លុក កំពង់ឃ្លាំង និងតំបន់ចុងឃ្នៀស។ ប៉ុន្តែភ្ញៀវទេសចរភាគច្រើននិយមទៅកម្សាន្តនៅតំបន់ចុងឃ្នៀស​ ព្រោះសម្បូរដោយទេសភាពស្រស់ស្អាតជាពិសេសពេលថ្ងៃលិច។

ពេលដែលភ្ញៀវទេសចរទៅទស្សនាតំបន់ចុងឃ្នៀសនេះ ពួកគាត់អាចមើលឃើញដើមរាំងធំៗដុះខ្ពស់ផុតពីទឹកនៅអមសង្ខាងផ្លូវ,មើលភូមិ និង ផ្ទះបណ្តែតទឹក,មើលអាងចិញ្ចឹមត្រីអាងចិញ្ចឹមក្រពើ ,មើលផ្ទៃទឹកបឹងទន្លេសាបដ៏ធំល្វឹងល្វើយជាដើម ។

រាជរដ្ឋាភិបាលនៅដំណាច់ខែកក្កដា ឆ្នាំ២០២១ បានសម្រេចដកហូតការគ្រប់គ្រងផែទេសចរណ៍ ស៊ូ ជីង ដែលអភិវឌ្ឍតំបន់ទេសចរណ៍ចុងឃ្នៀសបឹងទន្លេសាប។ រហូតដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ បានបើកឱ្យដំណើរការលក់សំបុត្រ ដែលមានកាណូតដឹកភ្ញៀវទេសចរប្រមាណជាង ៣០០ទូក។

ការបើកតំបន់​ទេសចរណ៍ចុងឃ្នៀសឡើងវិញ ដែលធ្លាប់​​ជា​ទី​ពេញនិយមបំផុត​​សម្រាប់​ភ្ញៀវទេសចរ​បរទេស ​អភិបាលខេត្តសៀមរាប លោក ទៀ សីហា ក៏បានណែនាំដល់ក្រុមការងារចម្រុះ ត្រូវ​កែប្រែកំពង់ផែមួយនេះឱ្យក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ ដែលមានភាពទាក់ទាញបំផុត។ អាជ្ញាធរបានរៀបចំកែលម្អសោភ័ណភាព និងហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយចំនួននៅតំបន់នេះ ដោយមានការរៀបចំល្អស្អាត ជាពិសេសសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរក្នុងការជិះទូកកម្សាន្ត៕