ស្រា​ពិសេស​ផលិត​ពី​ចេករបស់​ពលរដ្ឋ​ខេត្តកោះកុង ទទួលស្គាល់ជា​ផ្លូវការ គ្រោង​ចេញ​លក់លើ​ទីផ្សារឆាប់ៗនេះ

សង្គម​និង​សេដ្ឋកិច្ច

ស្រាចេកដែល​ជា​ផលិតផល​របស់​សហគមន៍​នៅ​ក្នុង​ស្រុក​ថ្មបាំងខេត្ត​កោះកុង គ្រោងដាក់លក់នៅ​លើទីផ្សារក្នុងពេលឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីម្សិលមិញ​នេះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងបាន​ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដាក់​លក់ស្រាចេករបស់សហគមន៍ ចរាចរណ៍លើ​ទីផ្សារ។

បើ​តាម​លោក​ជំទាវអភិបាលខេត្ត ការ​ផ្តួចផ្តើមយកស្រាចេក ដែលផលិតដោយប្រជាពលរដ្ឋខេត្តកោះកុង មកដាក់លក់នៅតាមទីផ្សារ គឺ​ដើម្បីលើកស្ទួយផលិតផលកែច្នៃក្នុងស្រុក និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុង​សហគមន៍​។ លោកជំទាវបានស្នើដល់ប្រធានមន្ទីរពាណិជ្ជកម្ម ឲ្យយកចិត្តទុកដាក់រៀបចំចុះបញ្ជីកម្មសិទ្ធិបញ្ញាស្រាសហគមន៍​ឲ្យបានត្រឹមត្រូវ។

ផ្លែចេកជាផ្លែឈើមួយប្រភេទ ដែលមានអត្ថប្រយោជន៍ច្រើនណាស់ តាំងពីដើម ស្លឹក ព្រមទាំងផ្លែ។ ការបរិភោគផ្លែចេកធ្វើឲ្យយើងមានសុខភាពល្អ រឹងមាំ អាយុវែង។ ចំពោះសហគ្រាស/សិប្បកម្មផលិតស្រាចេកដែលផលិតដោយ សមាគមស្ត្រីផលិតស្រាបុរាណនេះ ​មានទីតាំងស្ថិតនៅភូមិកណ្ដាល ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។

សូមបញ្ជាក់ផងដែរថា ស្រាចេកនៅខេត្តកោះកុងជាស្រាដែលផលិតដោយស្រ្ដីទាំងអស់។ ស្រានេះមានគុណភាពល្អ ព្រមទាំងមានការកែច្នៃខ្ពស់ ដែលទទួលស្គាល់ពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង៕