ក្នុងដំណើរទស្សនៈកិច្ចនាពេលនេះលោក គួច ចំរើន ស្នើឲ្យរុស្សុីជួយជំរុញអ្នកទេសចរ វិនិយោគិន និងបង្កើនទំហំពាណិជ្ជកម្មជាមួយកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ស្នើឲ្យរុស្សុីជួយជំរុញអ្នកទេសចរ អ្នកវិនិយោគរុស្ស៊ីមកធ្វើការវិនិយោគ និងទំនាក់ទំនងពាណិជ្ជកម្មមកកាន់កម្ពុជាឲ្យកាន់តែច្រើនឡើងបន្ថែមទៀត ខណៈដែលទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-រុស្ស៊ីនៅមានកម្រិតតូចនៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបជាមួយលោក Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ី នៅថ្ងៃសៅរ៍ ទី២៦ កុម្ភៈ លោក គួច ចំរើន បានលើកឡើងនូវសក្តានុពលខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ដែលសក្តានុពលនេះបានផ្តល់ឱកាសដល់អ្នកវិនិយោគជាច្រើន មកបណ្តាក់ទុននៅខេត្តព្រះសីហនុ ក្នុងនោះក៏មានអ្នកវិនិយោគរុស្សីផងដែរ ដែលមកវិនិយោគលើវិស័យទេសចរ ជាពិសេសការវិនិយោគនៅកោះក្របី ក្នុងឃុំរាម ស្រុកព្រៃនប់ ដែលមានភាពល្បីល្បាញ ដោយបានរៀបចំយ៉ាងប្រណិត និងការថែទាំបរិស្ថានជាគំរូក្នុងការវិនិយោគនៅខេត្តព្រះសីហនុ។

បើតាមលោក គួច ចំរើន កន្លងមករដ្ឋាភិបាលរុស្ស៊ី បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជានៅចងចាំនូវអ្វីដែលរុស្ស៊ីបានជួយកម្ពុជាក្នុងការកសាងប្រទេសឡើងវិញ នៅក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩។ លោកថា រុស្ស៊ីបានជួយសម្ភារៈ បច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សដល់កម្ពុជា ហើយកន្លងមកក៏មានរដ្ឋមន្ត្រី និងអភិបាលខេត្តមួយចំនួន បានទៅទទួលបណ្តុះបណ្តាលនៅប្រទេសរុស្ស៊ីផងដែរ។

យ៉ាងណា លោកថា ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងរុស្ស៊ីនៅមានកម្រិតតូចនៅឡើយ តាមរយៈដំណើរទស្សនៈកិច្ចនេះ សូមឲ្យលោក Alexey Chepa ជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មមកកាន់កម្ពុជាបន្តទៀត។

អភិបាលខេត្តបន្ថែមថា ទេសចររុស្ស៊ីមកកាន់ខេត្តព្រះសីហនុជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីទេសចរណ៍ចិន និងវៀតណាម ក្រោយពីកូវីដ-១៩មានភាពធូរស្រាល លោកស្នើឲ្យជួយជំរុញទេសចរណ៍រុស្ស៊ីមកកាន់កម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ។ លោកលើកឡើងយ៉ាងដូច្នេះ ដោយសារបច្ចុប្បន្នខេត្តព្រះសីហនុ មានអាកាសយានដ្ឋានអន្តរជាតិ អាចឱ្យយន្តហោះ អាចហោះឆ្លងទ្វីបចុះចតបាន។

ថ្លែងក្នុងជំនួបនេះដែរ លោក Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ីបានគូសបញ្ជាក់ផងដែរដល់ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្ត ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប និងសំណង់អគារខ្ពស់ជាច្រើន។ លោកថា កាលដែលលោកមកកាន់ខេត្តព្រះសីហនុកាលពីប៉ុន្មានឆ្នាំមុន មិនសូវឃើញមានជនជាតិរុស្ស៊ីច្រើនទេ បន្ទាប់ពីការផ្សព្វផ្សាយរបស់ទេសចររុស្ស៊ី បង្ហាញពីការស្វាគមន៍រាក់ទាក់របស់ប្រជាជនកម្ពុជា ធ្វើឱ្យអ្នកទេសចររុស្ស៊ីចង់មកកម្ពុជាកាន់តែច្រើន។

លោក Alexey Chepa ក៏បង្ហាញក្តីសង្ឃឹមថា ទេសចររុស្ស៊ី នឹងបង្វែរមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ កាន់តែច្រើនឡើង។ ទន្ទឹមនោះលោកក៏បានគាំទ្រការហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ និងខេត្តសៀមរាបផងដែរ។

លោកបញ្ជាក់បន្ថែមថា ក្នុងដំណើរទស្សនៈកិច្ចនាពេលនេះ ក៏មានបំណងអញ្ជើញប្រតិភូខេត្តព្រះសីហនុ ទៅទស្សនៈកិច្ចនៅប្រទេសរុស្ស៊ី និងប្រតិភូរុស្ស៊ីមកទស្សនៈកិច្ចខេត្តព្រះសីហនុ ដើម្បីចងសម្ព័ន្ធភាពទីក្រុងព្រះសីហនុ និងទីក្រុង​ Veliky Novgorod នៃប្រទេសរុស្ស៊ីនៅពេលខាងមុខ៕