មន្រ្តីជាន់ខ្ពស់៖ «ពលរដ្ឋពុំគួរភ័យហួសពេក រហូតដល់ទិញសាំងមកស្តុកទុក ព្រោះកម្ពុជាមានសម្រាប់​ផ្គត់ផ្គង់គ្រប់គ្រាន់រួចហើយ»

សង្គម​និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានអំពាវទៅដល់ប្រជាពលរដ្ឋកម្ពុជាថា ពុំគួរភិតភ័យរឿងប្រេងសាំងឡើងថ្លៃហួសពេក រហូតដល់ទិញសាំងមកស្តុកទុកនោះទេ ព្រោះកម្ពុជាមានសម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់រួចហើយ។ នេះបើតាមការលើកឡើងពី ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
រូបភាពឯកសារ

ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់ថា បើទោះបីជាស្ថានភាពបច្ចុប្បន្ននេះ តម្លៃប្រេងឥន្ធនៈនៅពិភពលោក ក៏ដូចជាកម្ពុជាបន្តហក់ឡើងថ្លៃក៏ដោយ ក៏ប្រជាពលរដ្ឋពុំគួរភ័យព្រួយហួសពេក រហូតដល់ទិញប្រេងមកស្តុកទុកនោះដែរ ព្រោះប្រទេសកម្ពុជាបានតាមរយៈក្រុមហ៊ុននាំចូលប្រេងធំៗ បាននាំចូលសម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់ និងម្យ៉ាងទៀត ប្រទេសកម្ពុជាក៏មិនមែនជាប្រទេសជួបវិបត្តិនេះដោយផ្ទាល់នោះដែរ ពោលគឺមានសន្តិភាពមិនមែនកំពុងជួបសង្គ្រាមនោះឡើយ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានបញ្ជាក់ដូច្នេះថា«នៅពេលបច្ចុប្បន្ននេះ យើងមិនទាន់ដល់ដំណាក់កាលខ្វះខាតសាំង ខ្វះខាតប្រេងឥន្ទនៈប្រើប្រាស់នៅឡើយទេ ប្រេងឥន្ទនៈនៅតាមស្ថានីយមានលក់ត្រឹមត្រូវល្អ មានថ្លៃកំណត់ប្រកាសដោយក្រសួងពាណិជ្ចកម្ម ហើយបណ្តាក្រុមហ៊ុននាំចូលប្រេងធំៗ នៅដំណើរការហើយមានស្តុកទុកពេញទាំងអស់ រឿងអីយើងនាំគ្នាទៅទិញសាំងស្តុកទុក ហើយកម្ពុជាក៏មិនមែនប្រទេសជួបសង្គ្រាមដូចអ៊ុយក្រែន និងរុស៊ីឯណា ហើយរដ្ឋាភិបាលបានគិតគូរកំណត់ដល់ការលក់រាយប្រេងឥន្ទនៈដើម្បីបំរើដល់សេដ្ឋកិច្ចពលរដ្ឋ និងសង្គម ពិសេសសម្រួលដល់វិស័យឯកជននាំចូលប្រេងសម្រាប់លក់នៅលើទីផ្សាកម្ពុជាទៀត ចឹងវាគ្មានប្រយោជន៍អីទៅទិញស្តុកទេ ព្រោះបើទុកដាក់មិនត្រឹមត្រូវ នឹងបង្កឲ្យកើតមានអគ្គីភ័យឡើង»។

រូបភាពឯកសារ

គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងពាណិជ្ជកម្ម ទើបប្រកាសការកំណត់តម្លៃប្រេងសាំងថ្មី គិតចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២។ដោយក្នុងនោះ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយប្រេងនានាទូទាំងប្រទេស សម្រាប់តម្លៃប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៥.៣០០រៀល/លីត្រ (ឡើងចំនួន៥០០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៣០០រៀល/លីត្រ (ឡើងចំនួន៨០០រៀល)។

សូមជម្រាប់ដែរថា តម្លៃសាំងនៅកម្ពុជា ឡើងថ្លៃជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ បានក្លាយជាកង្វល់របស់ពលរដ្ឋ ជាពិសេសអ្នកដែលប្រកបរបរនៅក្នុងវិស័យដឹកជញ្ជូន រហូតមានពលរដ្ឋខ្លះនាំគ្នាទិញប្រេងសាំងមកស្តុកក្នុងផ្ទះផងដែរ៕
អត្ថបទ៖ រង្សី