កម្ពុជា-ហុងគ្រី នឹងបង្កើនកិច្ចសហប្រត្តិបត្តិការ ដើម្បីស្តារនិងជំរុញសេដ្ឋកិច្ចទ្វេភាគីបន្ថែមទៀត

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-ហុងគ្រី បានប្តេជ្ញាថា នឹងបង្កើនកិច្ចសហប្រត្តិបត្តិការបន្ថែមទៀត ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចទ្វេភាគីឲ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាស អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា(Astrazeneca) ចំនួន ៥២៣,១០០ដូស ជាជំនួយរបស់ប្រទេសហុងគ្រី រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Istvan Bakos ទីប្រឹក្សានិងជាភារធារីស្តីទីការិយាល័យភ្នំពេញនៃស្ថានទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពរវាងកម្ពុជា និងហុងគ្រី នឹងកាន់តែរឹងមាំថែមទៀត ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេល អនាគត។

ទន្ទឹមគ្នានេះ សម្តេចក៏បានបញ្ជាក់ដែរថា តាមរយៈកិច្ចសហប្រត្តិបត្តិការ និងជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ហុងគ្រីនាពេលនេះ កម្ពុជារំពឹងថានឹងអាចស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែលម្អនូវ ចន្ទល់សេដ្ឋកិច្ចសំខាន់ៗដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងការស្វែងរកចន្ទល់ថ្មីប្រកបដោយសក្តានុពលពីវិស័យផ្សេងៗ។

ទាក់ទិននឹងការលើកឡើងរបស់សម្តេចនេះដែរ លោក Istvan Bakos ទីប្រឹក្សានិងជាភារធារីស្តីទីការិយាល័យភ្នំពេញនៃស្ថានទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានមានប្រសាសន៍ឲ្យដឹងដែរថា ក្នុងនាមប្រទេសជាមិត្តប្រពៃណី និងជាសម្ព័ន្ធមិត្តរបស់កម្ពុជា ហុងគ្រីមានសេចក្តីរីករាយក្នុងការគាំទ្រកម្ពុជា នៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រត្តិបត្តការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចទ្វេភាគីឲ្យកាន់តែប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ២០១៧ រហូតត្រឹមឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេរភាគី រវាងកម្ពុជា-ហុងគ្រី សម្រេចបានក្នុងទំហំទឹកប្រាក់ សរុបជាង១៦លានដុល្លារអាមេរិក។ ខណៈពេញមួយឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម កម្ពុជា-ហុងគ្រី សរុបជាង៤លានដុល្លារអាមេរិក។
យ៉ាងណា ទាំងភាគីកម្ពុជា និងហុងគ្រី ក្រៅពីអះអាងថា នឹងបន្តខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រត្តិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតហើយនោះ។

នាឱកាស អញ្ជើញទទួលវ៉ាក់សាំងពីប្រទេសហុងគ្រីប្រមុខរដ្ឋាភិបាលផងដែរ សម្តេច ហ៊ុន សែន ក៏បានជំរុញឱ្យរៀបចំបើកស្ថានទូត កម្ពុជាហុងគ្រី ជាថ្មីឡើងវិញផងដែរ៕