លោក ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មាន ជាកញ្ចក់ឆ្លុះបញ្ចាំងដ៏សំខាន់បង្ហាញការពិតកើតឡើងក្នុងសង្គម

សង្គម​និង​សេដ្ឋកិច្ច

ទិវាសេរីភាពសារព័ត៌មានពិភពលោក ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៣ ខែឧសភានេះ ក្រោមមូលបទ «ព័ត៌មានក្រោមសម្ពាធឌីជីថល» រៀបចំដោយក្រសួងព័ត៌មាន និងអង្គការយូណេស្កូ នាសណ្ឋាគារ សុខា។ លោក ហ៊ុន ម៉ាណែត តំណាងសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជាអធិបតីនៅក្នុង កម្មវិធីទិវាសេរីភាពសារព័ត៌មានពិភពលោក នាថ្ងៃនេះបានថ្លែងថា អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ណាស់ ជាកញ្ចក់ឆ្លុះបញ្ចាំង និងបង្ហាញការពិតលើព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបន្តថា អ្នកសារព័ត៌មាន ត្រូវបំពេញការងារក្នុងសិរីភាពសារព័ត៌មាន ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគោរពច្បាប់ស្តីពីសារព័ត៌មាន ក៏ដូចជាច្បាប់នានារបស់ប្រទេស ដើម្បីទទួលបានទំនុកចិត្ត និងការគោរពស្រឡាញ់ពីសាធារណជន។

បើតាមលោក ហ៊ុន មា៉ណែត អ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមតាមដានសកម្មភាពជាក់ស្ដែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះមានទាំងអាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានខ្លួនឯង។ លោកថា បើចង់ឲ្យប្រទេសយើងរីកចម្រើន មានប្រជាធិបតេយ្យដោយផ្អែកលើមូលដ្ឋានច្បាប់ ត្រូវតែចូលរួមទាំងអស់គ្នា គ្មាននិទណ្ឌភាពសម្រាប់អ្នកណាទេ។

លោកបន្ថែមថា អាជីពសារព័ត៌មានបានដើរតួនាទីសំខាន់ណាស់ នៅក្នុងការអភិវឌ្ឍប្រទេស និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយរដ្ឋាភិបាលបានទទួលស្គាល់រួចហើយ និងខិតខំបើកលំហសម្រាប់អ្នកសារព័ត៌មាន។

យ៉ាងណាម៉ិញ លោក ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការស្វ័យអប់រំ ការស្វ័យគ្រប់គ្រង ការស្វ័យតម្រង់ទិសរបស់អ្នកសារព័ត៌មាន ចំពោះអ្នកសារព័ត៌មាន គឺជាកត្តាចូលរួមសំខាន់ណាស់ដើម្បីឲ្យប្រទេសយើងមានការរីកចម្រើននៃវិស័យសារព័ត៌មាននេះរួមជាមួយរដ្ឋាភិបាលដើម្បីជំរុញនៅការអនុវត្តន៍សិទ្ធសេរីភាពសារព័ត៌មានឲ្យបានល្អប្រសើរ។

លោកក៏បានលើកឡើងដែរថា ទោះបីប្រព័ន្ធបច្ចេកវិទ្យាវិវឌ្ឍន៍បែបណាក៏ដោយ ប៉ុន្តែវាគ្រាន់តែជាការអភិវឌ្ឍនៃមធ្យោបាយផ្តល់ព័ត៌មានប៉ុណ្ណោះ អ្វីដែលធ្វើឱ្យប្រព័ន្ធផ្សាយនៅតែអាចឈរជើងរឹងមាំបាននោះ គឺការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ជាមូលដ្ឋានដើមរបស់អ្នកព័ត៌មាន ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយបន្តទទួលបានការជឿទុកចិត្តពីសាធារណជន និងអាចឈរជើងរឹងមាំ៕