រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បង្ហាញពីភាពចាំបាច់នៃ​កាត់​​បន្ថយ​របាំង​​ពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់​វេទិកា​សេដ្ឋ​កិច្ច​ពិ​ភពលោក នៅប្រទេសស្វីស

សង្គម​និង​សេដ្ឋកិច្ច

កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិ​​ជ្ជ​កម្ម បានចូលរួមកិច្ចពិភាក្សា​ក្រោម​ប្រធានបទ “ការដោះស្រាយបញ្ហារបាំងពាណិជ្ជកម្មដើ​ម្បី​ការងើបឡើងវិញ” ដែលត្រូវបានរៀប​ចំឡើងក្នុងកិច្ចប្រជុំ​ប្រចាំ​ឆ្នាំ២០២២ របស់វេទិកាសេដ្ឋ​កិច្ច​ពិ​ភពលោក នៅដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋមន្រ្តី បានបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់នៃការលុបបំបាត់ និងកាត់​​បន្ថយ​របាំងពាណិជ្ជកម្ម តាមរយៈ​​យន្ដ​​ការ​​នៃកិច្ចសម្រួលពាណិជ្ជកម្មក្នុងប្រទេស តំបន់ និងពិភព​​លោក ដែលជាមធ្យោបាយដ៏សំខាន់ ដើម្បីស្ដារសេដ្ឋកិច្ច​ឡើង​​វិញ​​ឱ្យបាន​​ឆាប់រហ័ស។

លោករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបើកចំហរទីផ្សារសម្រាប់ពាណិជ្ជកម្ម និងផែនការសកម្មភាពដែល​ផ្ដោត​លើការធ្វើឱ្យប្រសើរឡើងនូវ ការតភ្ជាប់សេដ្ឋកិច្ច និងពង្រឹង​ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក ដែលទាំងនេះគឺជាផ្នែកនៃ​អាទិ​ភាព​អាស៊ាន ក្នុងអំឡុង​ពេល​ដែល​​កម្ពុជាធ្វើជាប្រធានអាស៊ាន ២០២២ ស្របតាមមូលបទ “អាស៊ានរួមគ្នាធ្វើ – ដោះ​ស្រាយ​​បញ្ហាប្រឈមទាំងអស់គ្នា” (ASEAN : Addressing Challenges Together)។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី បានលើកឡើងអំពីសកម្មភាពរបស់កម្ពុជា ក្នុងការសម្រួល​ពា​ណិ​ជ្ជកម្ម ដូចជា ក្របខណ្ឌយុទ្ធ​​សាស្ដ្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុ​ង​ការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីសម្រាប់ឆ្នាំ​​២០២១-២០២២, វេទិកាវេទិការដ្ឋា​ភិបាល និងវិស័យឯកជន, ប្រព័ន្ធ ASYCUDA, ប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) និងកំណែទម្រង់មួយចំនួន ដែលជួយពន្លឿនដល់ការបញ្ចេញទំនិញ​តាមព្រំដែន​​សម្រាប់ទំនិញទូទៅ ក៏ដូចជាទំនិញនិងសម្ភារៈពេទ្យសំខាន់ៗ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩។

បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រី បានបន្ដថា កម្ពុជានៅតែបន្ដធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធ​​ទាំងនេះ និងបានលើកឡើងអំពី គម្រោង SeT4SME ជាមួយ Global Alliance ដើម្បីកិច្ច​​សម្រួលពាណិជ្ជកម្មដើម្បីបង្កើត Electronic Advance Data ដ៏​ពេញលេញមួយ តាមរយៈការ​ច្របាច់បញ្ចូលគ្នានៃប្រព័ន្ធ ASYCUDA និង ប្រព័ន្ធប្រកាសពន្ធគយនៃប្រៃសណីយ៍កម្ពុជា។

លោក ក៏បានស្នើឱ្យមានការចាប់អារម្មណ៍លើបញ្ហាសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ពាក់ព័ន្ធនឹង​​អនុលោមភាពនៃ​ឯក​សារតម្រូវសម្រាប់ការនាំចេញ ដូចជា “proof of non-manipulation” ឬ វិញ្ញាបនបត្របញ្ជាប់ប្រភពដើម ដែល​ឯកសារ​តម្រូវ​​ទាំងនេះ ធ្វើឱ្យការ​​ចំណាយ​កើនឡើងសម្រាប់អ្នកនាំចេញទំនិញ ដូច្នេះឯកសារតម្រូវទាំងនេះគួរត្រូវបាន​លុប​ចោល និងជំនួសវិញដោយ ការបញ្ជាក់ប្រភពដើមដោយខ្លួនឯង (self-certification)៕