រាជធានីភ្នំពេញ សាងសង់ស្ថានីយប្រព្រឹត្តកម្ម​កាក​សំណល់​​ភក់​​បង្គន់ឲ្យទៅជាជីកសិកម្ម លើផ្ទៃដី៣ហិចតា ​

សង្គម​និង​សេដ្ឋកិច្ច

រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់​ស្ថានីយប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់ លើផ្ទៃដី៣ហិចតា ស្ថិតនៅភូមិ​ភ្លើង​ឆេះ​រទេះខាងលិច​ សង្កាត់ភ្លើងឆេះរទេះ​ ខណ្ឌកំបូល​ ។ ពិធីបើកការដ្ឋានបានធ្វើឡើង ក្រោមអធិបតីភាព​ លោក ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ និងលោក ព្យែរ បៃយ៉េ ( Mr.PIERRE BAILLET ) លេខាធិការ​អចិន្ត្រៃយ៍ នៃ​សមាគម​អភិបាល​ក្រុង​ប្រើប្រាស់​ភាសាបារាំង (AIMF) កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការសាងសង់​​ស្ថានី​យ​​ប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់ ពិតជាមានភាពចាំបាច់សម្រាប់រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់​​អនាម័យ​សា​ធារ​ណៈ ឆ្លើយតបទៅនឹងអត្រាកំណើន ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ការពង្រីកទីក្រុង ។ ជាពិសេស​ដើម្បីកាត់​បន្ថ​យ​​​ជាតិពុលធ្វើអោយប៉ះពាល់ដល់បរិស្ថានជុំវិញ និងជីវភាពរស់​នៅប្រចាំថ្ងៃក៏ដូចសុខុមាលភាព​របស់​ប្រ​ជា​ពល​រដ្ឋក្នុងរាជធានីភ្នំពេញផងដែរ

ជាមួយគ្នានេះ លោក ព្យែរ ប៊ែយ៉េ លេខាធិការអចិន្ត្រៃយ៍នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ក៏​​លើក​ឡើងដែរបាន ការរៀបចំអាងប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះ ជាគោលនយោបាយមួយធ្វើអោយប្រសើរឡើង នៃការរស់នៅរបស់ប្រជាពលរដ្ឋនៅភ្នំពេញ ប្រកបដោយសុខមាលភាព ដោះស្រាយបំរែបម្រួលអាកាសធាតុ ។ សំណល់​ភក់បង្គន់នេះនឹងប្រែក្លាយទៅជាជីសំរាប់ធ្វើកសិកម្ម ហើយផ្តល់ការងារជូនក្រុមហ៊ុនតូចៗផងដែរ។

យោងតាមការសិក្សា នៅឆ្នាំ២០០១ សំណល់ភក់បង្គន់របស់ប្រជាពល​រដ្ឋនៅ​រាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២ម៉ឺន​ម៉ែត្រគូបក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់ ហើយតាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់​ភក់បង្គន់​របស់​​ប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ នឹងកើនឡើងដល់ជាង ៣០ម៉ែត្រគូបក្នុងមួយឆ្នាំ ពោលគឺកើនឡើងជិត១៣ដង។ ជាការឆ្លើយតបជាមួយកំណើននេះ ទាមទារឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់គ្រប់គ្រង ជាពិសេស​រៀប​ចំអាងប្រព្រឹត្តកម្មសំណល់ ឱ្យបានត្រឹមត្រូវស្របតាមស្តង់ដាបច្ចេកទេស។

គួរបញ្ជាក់ថា ស្ថានីយប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់ គឺសាងសង់នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានី​ភ្នំពេញ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ ខែមីនា ឆ្នាំ២០២៣។ ស្ថានីយប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់ មាន​បច្ចេក​វិទ្យាធ្វើប្រព្រឹត្តកម្ម ដោយមានសមត្ថភាពធ្វើប្រព្រឹត្តកម្មភក់បង្គន់ ៧០ម៉ែត្រគូបក្នុងមួយថ្ងៃ មានថ្នាល​ផ្ទៃរាបស្មើហាល​​អោយស្ងួតយកជាតិទឹកចេញពីភក់ល្បាប់ ។ ដោយឡែក ទិន្នផលប្រព្រឹត្តកម្មខ្ពស់ ប្រព្រឹត្តកម្មប្រើបាតុភូតធម្មជាតិ សមា​​ហរណកម្មទេសភាពល្អ ផលិតបានជីសរីរាង្គដោយមិនត្រូវការថាមពល គ្មានក្លិន ការចំណាយប្រតិបត្តិការ និងការថែទាំ​​មានតម្លៃទាប ៕