ជប៉ុន កំពុងជំរុញគម្រោងការលើកកម្ពស់វិស័យអប់រំវិស្វកម្ម និងឧស្សាហកម្មនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ទីភ្នាក់ងារសហប្រតិបត្តិបត្តិការអន្ដរជាតិជប៉ុន (JICA) និងក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាគ្នា ដើម្បីជំរុញគម្រោងការលើកកម្ពស់វិស័យអប់រំវិស្វកម្ម និងការសិក្សាស្រាវជ្រាវសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួង បានអនុញ្ញាតឱ្យក្រុមបេសកម្ម JICA ជួបពិភាក្សាលើគម្រោងការលើកកម្ពស់វិស័យអប់រំវិស្វកម្ម និងការសិក្សាស្រាវជ្រាវសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា តាមបែបការអប់រំផ្អែកលើមន្ទីរពិសោធន៍។

បន្ថែមពីនេះដែរ តំណាងទីភ្នាក់ងារសហប្រតិបត្តិបត្តិការអន្ដរជាតិជប៉ុន (JICA) បានឲ្យដឹងថា គម្រោងនេះធ្វើឡើងក្នុងគោលបំណងឱ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បង្កើនសមត្ថភាពអប់រំ និងស្រាវជ្រាវរបស់ខ្លួនដើម្បីចូលជាស្ថាប័នធនធានជាតិក្នុងវិស័យវិស្វកម្ម ដោយដាក់បញ្ចូលនូវការអប់រំផ្អែកលើមន្ទីរពិសោធន៍ទៅក្នុងកម្មវិធីសិក្សា។ បន្ថែមពីនេះគោលបំណងរួមរបស់គម្រោងនេះផងដែរគឺកំណត់សាកលវិទ្យាល័យគោលដៅ ដើម្បីលើកកម្ពស់សមត្ថភាពអប់រំ និងការស្រាវជ្រាវឱ្យឆ្លើយតបទៅនឹងតម្រូវការវិស័យឧស្សាហកម្មនៅកម្ពុជា។

ជាមួយគ្នានេះ តំណាងទីភ្នាក់ងារសហប្រតិបត្តិបត្តិការអន្ដរជាតិជប៉ុន (JICA) បានបន្ថែមទៀតថា ការអប់រំផ្អែកលើមន្ទីរពិសោធន៍នេះ គឺជាការអប់រំដែលអនុវត្តនៅក្នុងក្រុមស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំនៅក្នុងលក្ខខណ្ឌដោះស្រាយបញ្ហា និងជំនាញជាក់ស្តែង និងអនុវត្តជាទូទៅនៅក្នុងសាកលវិទ្យាល័យជប៉ុនសម្រាប់ថ្នាក់ក្រោយបរិញ្ញាបត្រ និង ថ្នាក់បណ្ឌិត។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សានោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំ បានបង្ហាញការយល់ឃើញថា ការអប់រំផ្អែកលើមន្ទីរពិសោធន៍ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំង។ជាមួយគ្នានោះ ឯកឧត្តម ក៏បានបន្ថែមថា ការសិក្សាស្រាវជ្រាវគឺជាវិធីមួយដែលអាចធ្វើឱ្យសិស្សបានរកឃើញភាពច្នៃប្រឌិត និងនាំយកវាមកប្រើប្រាស់ក្នុងគោលដៅផ្សេងៗ នឹងជំរុញឱ្យទទួលស្គាល់ការស្រាវជ្រាវជាវិជ្ជាជីវៈមួយ និងសហការជាមួយដៃគូពាក់ព័ន្ធក្នុងការបណ្ដុះបណ្ដាលជំនាញស្រាវជ្រាវដល់សិស្ស និស្សិត និងគ្រូបង្រៀននៅតាមខេត្ត៕