ផ្សារ​សហគមន៍​​មួយ​បង្កើត​ឡើង​ជាង ១៨ ឆ្នាំ ដើម្បីលើកស្ទួយកសិផលធម្មជាតិក្នុងស្រុក

អាជីវកម្ម

ដើម្បីលើកស្ទួយកសិផលធម្មជាតិក្នុងស្រុក និងបង្កើតការងារជូនប្រជាកសិករឲ្យមានជីវភាពកាន់តែប្រសើរ ទើបធ្វើឲ្យសហគមន៍កសិផលធម្មជាតិ សម្រេចចិត្តបើកផ្សារអាហារធម្មជាតិអូក្រាឡើងតាំងពីឆ្នាំ២០០៤ មក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្សារអូក្រាអាហារធម្មជាតិ គ្រប់គ្រងដោយអ្នកស្រី នូ សុខជាតិ បើកដំណើរការអស់រយៈពេល ១៨ ឆ្នាំមកហើយ ដែលមានទីតាំងស្ថិតនៅលើផ្លូវ ៥៩២ កែង ៣៣៥ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក ខាងជើងសាលាវិទ្យាល័យឥន្រ្តទេវី។​ ផ្សារនេះមានលក់កសិផលដូចជាបន្លែ ផ្លែឈើ សរីរាង្គធម្មជាតិគ្រប់មុខ ដោយមានសហគមន៍ដាំដុះសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​ផ្ទាល់ខ្លួនផង និងដៃគូផ្គត់ផ្គង់ផលិតផលសរីរាង្គមកពីបណ្ដាខេត្តមួយចំនួនផង។

កញ្ញា ពេជ្រ លីដា ជាប្រធានផ្នែកលក់របស់ផ្សារអូក្រា បានឲ្យឧកញ៉ាញូស៍ដឹងថា ផ្សារអូក្រាអាហារធម្មជាតិលេចរូប​រាងឡើងក្នុងគោលបំណង ដើម្បីកាត់បន្ថយភាពគ្មានការងារធ្វើរបស់ប្រជាជន និង​ដើម្បី​ឲ្យប្រជាជនទាំងអស់បានស្គាល់និងពិសារនូវអាហារសរីរាង្គនៅក្នុងស្រុកគ្មានជាតិគីមី។ ជាមួយគ្នា​នេះ​ ការ​ដំណើរការ​ផ្សា​រនេះក៏​ដោយសារ​ម្ចាស់សហគមន៍ផ្សារផ្ទាល់ជា​អ្នក​ស្រលាញ់ខាងកសិកម្ម ទើបបង្កើតជាសហគមន៍ឲ្យមានការដាំដុះជាប្រភេទបន្លែផ្លែឈើសរីរាង្គ ដើម្បីកាត់បន្ថយការនាំចូលបន្លែផ្លែឈើដែលមានជាតិគីមីពីក្រៅស្រុក។

ប្រធានផ្នែកលក់រូបនេះបានបញ្ជាក់បន្ថែមថា​ ក្រៅពីបន្លែនិងផ្លែឈើ ផ្សារអូក្រាអាហារធម្មជាតិ ក៏​មានលក់ជាប្រភេទ​សាច់ (ត្រី ជ្រូក គោ មាន់) គ្រឿងទេសជាច្រើនទៀត និងផ្តោតសំខាន់ជាងគេទៅលើប្រភេទអង្ករសរីរាង្គដែលថែទាំតាមបែបគោលការណ៍ធម្មជាតិ និងធានាជូនអតិថិជនថាជាអង្ករដែលធ្វើដោយដៃ សម្រិតសម្រាំងដោយ​ប្រជា​កសិករ មិនប្រើជីគីមី។ ប្រភេទអង្ករទាំងនោះរួមមាន៖ អង្ករផ្កាម្លិះ ផ្ការំដួល ម្លិះសំរ៉ូប និងអង្ករផ្កាម្លិះនាងខ្មៅ នាំយកពីខេត្តកំពង់ស្ពឺ ខេត្តកំពត និងកំពង់ឆ្នាំង ដែលជាដៃគូរផ្គត់ផ្គង់របស់ផ្សារអូក្រា។

សម្រាប់ទីតាំងសហគមន៍កសិផលរបស់ផ្សារអូក្រាផ្ទាល់មានដូចជា សហគមន៍សម្បូរសប្បាយព្រៃក្ដួច ស្ថិតនៅក្នុងខេត្តតាកែវ, សហគមន៍មនោសុខ ខេត្តកំពត សហគមន៍សម្បូរនាគ ខេត្តព្រះវិហារ និងសហគមន៍អូសោម ខេត្តពោធិ៍សាត់។

ចំណែកដៃគូសហការរួមមាន៖ ខេត្តសៀមរាប និងបាត់ដំបងផ្គត់ផ្គង់ជាប្រភេទផ្លែឈើ, ខេត្តមណ្ឌលគិរីជាប្រភេទបន្លែ ផ្លែប័រនិងកាហ្វេ, និងតាមបណ្ដាខេត្តមួយចំនួនទៀត សុទ្ធសឹងជាដៃគូសហការរបស់ផ្សារអូក្រាយូរឆ្នាំមកហើយ ។ មុននឹងចាប់ដៃគ្នាផ្គត់ផ្គង់ទីផ្សារខាងអ្នកជំនាញផ្សារអូក្រារក៏បានទៅពិនិត្យប្រភេទដី និងសារធាតុផ្សេងៗទៀតទើបអាចនាំយកមកលក់នៅក្នុងផ្សារបាន៕