មហាសេដ្ឋីកម្ពុជាម្នាក់ ទទួលសិទ្ធិវិនិយោគរមណីយដ្ឋានទេសចរណ៍ថ្មីលើកោះស្រមោច

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ម៉ារីថាម គ្រុប របស់អ្នកឧកញ៉ា ហេង សិទ្ធី ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើការអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ថ្មី លើកោះស្រមោច មានឈ្មោះថា «SEA SENSE Resort» លំដាប់ផ្កាយ៥ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីទទួលបានសិទ្ធិអភិវឌ្ឍនៅលើកោះស្រមោចពីរាជរដ្ឋាភិបាលកម្ពុជារួចមក ក្រុមហ៊ុន ម៉ារីថាម គ្រុប បានរៀបចំផ្ទះស្នាក់ទេសចរណ៍ ឬបឹងហ្គាឡូ (Bungalow) ចំនួន ១៨ខ្នង និងវីឡាបែបគ្រួសារ (Family Villa) មានចំនួន ២បន្ទប់ ដែលសាងសង់ឡើងតាមបែបរចនាយ៉ាងស្រស់ស្អាត។ នៅផ្នែកខាងក្រោយវីឡាទៀតសោត ភ្ញៀវក៏អាចទស្សនាទេសភាពមហាសាគរដ៏ខៀវស្រងាត់បានផងដែរ។

បន្ថែមទៀតនោះ ស្ពានកំពង់ទឹក ឬស្ពានបណ្ដែតទឹក ក៏នឹងក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយផងដែរ ពីព្រោះវាអាចឱ្យភ្ញៀវដើរកម្សាន្តលើផ្ទៃសមុទ្រ គយគន់ទៅផ្ទៃមហាសាគរដ៏សែនឆ្ងាយ។ ទេសភាពដ៏ស្រស់ស្អាតទាំងអស់នេះ វាពិតជាពិសេសខ្លាំងណាស់ សម្រាប់ការថតរូបភាពទុកជាអនុស្សាវរីយ៍របស់ភ្ញៀវទេសចរនានា ដែលបានទៅទស្សនាកោះស្រមោចនោះ។

នៅលើកោះស្រមោចនេះ ក្រុមហ៊ុន SEA SENSE Resort ក៏បានបង្កើតឱ្យមានកាស៊ីណូ (Casino) ម៉ាស្សា ស្ប៉ា (Spa) បន្ទប់ទឹកសាធារណៈ កន្លែងជួលទូកកៃយ្យៈ អូរប័រ ពោងលែងទឹក សម្រាប់ភ្ញៀវទេសចរដែលចង់ជិះលែងកម្សាន្តជាដើម។ ក្រៅពីនោះ ក្រុមហ៊ុន SEA SENSE Resort នឹងរៀបចំជាផ្ទះស្នាក់សម្រាប់បុគ្គលិកទៀតផងដែរ។

អ្វីដែលពិសេសលើសនេះទៀតនោះ នៅលើកោះស្រមោចដែលពីមុនមកគ្មានមនុស្សរស់នៅនោះ ក៏មានវត្តមានជីវចម្រុះជាច្រើនប្រភេទទៀត ដូចជាប្រភេទបក្សីកម្រចម្រុះពណ៌ ផ្កាថ្មដេរដាសនៅក្បែរកោះ ថ្មប៉ប្រះទឹក ត្រីសមុទ្រ និងពពួកមច្ឆាជាតិចម្រុះពណ៌ស្អាតៗ (អាចមើលឃើញនៅលើឆ្នេរកោះ នាពេលពេលរាត្រី)។ ម្យ៉ាងទៀត ក្រុមហ៊ុនបានរក្សាទុកនូវព្រៃឧទ្យានធម្មជាតិនៅផ្នែកកណ្ដាលកោះផងដែរ ដែលសម្បូរទៅដល់ប្រភេទឈើកម្រ និងឈើមានតម្លៃតូចធំជាច្រើនប្រភេទ ហើយអាចឱ្យភ្ញៀវទេសចរអាចដើរផ្សងព្រេងកម្សាន្តរយៈពេលខ្លី (Short Tracking) បានទៀតផង។

សូមជម្រាបថា ផ្ទៃដីនៅលើកោះស្រមោច ដែលក្រុមហ៊ុនកំពុងដំណើរការគម្រោងអភិវឌ្ឍន៍នោះមានចំនួន ២៥.៦៥ហិចតា ប៉ុន្តែបើគិតពីផ្ទៃដីធម្មជាតិទាំងអស់នៅលើកោះមានប្រមាណ ៣៣ហិកតា។ កោះស្រមោចមានចម្ងាយពីមូលដ្ឋានកងទ័ពជើងទឹកតែ ៨០០ម៉ែត្រប៉ុណ្ណោះ បើយើងធ្វើដំណើរតាមទូកទេសចរណ៍ ចំណាយពេល ១០នាទី តែបើធ្វើដំណើរតាមអូប័រ ចំណាយពេលមិនដល់៥នាទី៕