កម្ពុជា មានរោងចក្រផលិតស្រាបៀរមួយទៀត ចាប់ផ្តើមដំណើរការជាផ្លូវការហើយ

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ​​ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន មាណែត អគ្គមេបញ្ជាការរង​កងយោធ​ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ​​បាន​​អញ្ជើញ​ជា​អធិបភាព​ក្នុងពិធីផលិតស្រាបៀរ​លើក​ដំបូងរបស់ក្រុមហ៊ុនស្រាបៀរអ៉ិនធើម៉ាទ្រីដមេវើរិច ខេមបូឌា (Inter-Mattrid Beverage Cambodia) ដែល​ស្ថិតនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​ថ្មី​របស់​ក្រុមហ៊ុន អ៊ិនធើ ម៉ាទ្រីត បេវើរីច (​ខេមបូឌា) ​ឯ.ក ដែលមាន​ទុនវិនិយោគ ៧៨ ​លាន​ដុល្លារ​ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​សម្រេច​ចេញ​វិញ្ញាបន​បត្រ​ចុះបញ្ជី​ជា​ផ្លូវការ​ កាលពី​ថ្ងៃទី ៤ ខែធ្នូ​ ឆ្នាំ២០២០។ សេចក្តី​ប្រកាស​ព័ត៌មាន CDC បានឱ្យ​ដឹងថា គម្រោង​បង្កើត​រោងចក្រ​នេះ​ អាច​​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាជន​បាន ៥៥០ ​កន្លែង។

បុគ្គលិក​ផ្នែក​លក់​ក្រុមហ៊ុន អ៊ិនធើ ម៉ាទ្រីត បេវើរីច ​(​ខេមបូឌា) ​ឯ.ក សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹងថា​៖ «​ស្រាបៀរ​គេ​ពេញនិយម​ខ្លាំង​នៅ​ស្រុក​យើង គេ​ចូលចិត្ត​ផឹក​មិន​ថា​កម្មវិធី​អ្វី​ក៏ដោយ​ត្រូវតែ​មាន​ស្រាបៀរ ពិសេស​កម្មវិធី​ជប់លៀង​ធំៗ​»​។

អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​លោក ហេង សុខគង់ ធ្លាប់​​បាន​បញ្ជាក់​ថា ​​គិត​ត្រឹម​ឆ្នាំ​២០២០ កម្ពុជា​មាន​រោងចក្រ​ផលិត​ស្រាបៀរ​ចំនួន​១០ ហើយ​ការបង្កើត​រោងចក្រ​ថ្មីៗ​នេះ រដ្ឋ​នឹង​ទទួល​បាន​ចំណូល​ពន្ធ​រាប់សិប​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ​ពី​ឧស្សាហកម្ម​ស្រាបៀរ៕