បើមិនមានអ្វីប្រែប្រួលទេ សម្តេច ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប៉ាគីស្ថាន

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីការបរទេសនៃប្រទេសប៉ាគីស្ថាន អញ្ជើញប្រមុខដឹកនាំកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ និងស្នើឱ្យពិចារណាបើកស្ថានទូតកម្ពុជាប្រចាំនៅប៉ាគីស្ថាននាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពិភាក្សាការងារនៅថ្ងៃសៅរ៍ ទី៦សីហានេះ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក Bilawal Bhutto Zardari រដ្ឋមន្ត្រីការបរទេស នៃប្រទេសប៉ាគីស្ថាន បានអញ្ជើញសម្ដេចតេជោ ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសប៉ាគីស្ថាន និងគោរពស្នើសុំសម្តេចតេជោ ពិចារណាបើស្ថានទូតកម្ពុជា នៅទីក្រុងឥស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។

ទន្ទឹមនឹងនោះ លោក Zardari បានប្រាប់សម្តេចតេជោថា លោកនឹងពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដែលអាចធ្វើទៅបាន ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ល។

ជាការឆ្លើយតប សម្ដេចតេជោបានទទួលយកនូវការអញ្ជើញទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉ាគីស្ថាន ហើយក៏បានទទួលឆ្លើយតបជាវិជ្ជមានចំពោះការស្នើសុំឱ្យពិចារណាបើកស្ថានទូតកម្ពុជា នៅទីក្រុងឥស្លាមម៉ាបាដ។

ជាការឆ្លេីយតបទៅនឹងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ សម្តេចតេជោ បានលើកទឹកចិត្តឲ្យលោក Zardari ជំរុញ និងលើកទឹកចិត្តវិនិយោគិនប៉ាគីស្ថាន ឱ្យមកកម្ពុជាដើម្បីពិនិត្យមើលលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលអាចធ្វើទៅបានជាពិសេស លើវិស័យដែលលោកបានលើកឡើង នោះគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ៕