មន្រ្តីរដ្ឋាភិបាល៖ រៀនជំនាញបច្ចេកទេសនៅកម្ពុជា មិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ន

សង្គម​និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់កម្ពុជា ទទួលស្គាល់ថា ការចុះឈ្មោះចូលរៀនផ្នែកជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅតែមានកម្រិត និងមិនទាន់ឆ្លើយតបនៅឡើយ សម្រាប់ផ្គត់ផ្គងកម្លាំងពលកម្មជំនាញដែលជាតម្រូវការទីផ្សារ ខណៈដែលសិស្ស និស្សិត ទទួលការសិក្សាទាំងរយៈពេលវែង និងខ្លី សរុបចំនួនប្រមាណ ជាង៥ម៉ឺននាក់ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិ ស្តីពីលទ្ធផលនៃការអង្កេតវាស់វែងជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពីកម្រិត១ ដល់កម្រិត៤ នៃក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា កាលពីពេលថ្មីៗនេះ លោក ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ បានបញ្ជាក់ថា បញ្ហាប្រឈមនេះ មិនមែនមានតែនៅកម្ពុជាទេ ពោលគឺគ្រប់ប្រទេសទាំងអស់ អ្នកដែលចុះឈ្មោះចូលរៀននៅតាមសាលាបណ្តុះបណ្តាលបច្ចេកទេស គឺមានអត្រាទាប និងគ្រប់កន្លែងទាំងអស់។ លោកថា មានតែប្រទេសជឿនលឿនមួយចំនួនទេ ដោយតាមរយៈនយោបាយ និងការវិនិយោគផងទេ ដែលធ្វើឲ្យការចូលរៀនមានកំណើនកើនឡើង ពីព្រោះថា តាំងពីដើមមក សង្គមគេតែងតែគិតថា ការងារប្រើកម្លាំង ដូចជាជាងសំណង់ និងជួសជុលរថយន្តជាដើម គេមិនសូវជាលើកតម្លៃច្រើនទេ។

យ៉ាងណា បើតាមលោក ពេជ សោភ័ន ការទទួលបានការអប់រំតិចតួចក្នុងចំណោមយុវជនដែលកំពុងធ្វើការងារ កំពុងជួបប្រទះការប្រឈមទាក់ទងនឹងការវិវត្តពីការអប់រំកម្រិតបឋម ទៅកាន់មធ្យមសិក្សាដែលមានគុណភាពទាប បង្កឱ្យមានភាពមិនស៊ីគ្នាខ្លាំង នៃជំនាញដែលពួកគាត់មាន និងជំនាញដែលនិយោជកចង់បាន៕