មន្ត្រីហុងកុង ចេញមុខច្រានចោលគម្រោងបន្ធូរបន្ថយពន្ធ សម្រាប់អ្នកទិញអចលនទ្រព្យមកពីចិនដីគោក

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាលរបស់ទីក្រុហុងកុង បានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា មិនមានគម្រោងក្នុងការបន្ធូរបន្ថយពន្ធប្រថាប់ត្រា លើអចលនទ្រព្យសម្រាប់អ្នកទិញមកពីចិនដីគោក ដូចដែលសារព័ត៌មានមួយចំនួន បានចុះផ្សាយនោះឡើយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមអ្នកនាំពាក្យការិយាល័យលេខាធិការហិរញ្ញវត្ថុរបស់ហុងកុង បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ” រដ្ឋាភិបាល  បានធ្វើការបញ្ជាក់ច្បាស់ហើយថាមិនមានផែនការអ្វីពាក់ព័ន្ធជាមួយការលើកលែងពន្ធនេះឡើយ ” ។

គួរឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនអចនទ្រព្យហុងកុងជាច្រើន បានកើនឡើង បន្ទាប់ពីមានព័ត៌មានថាពន្ធត្រូវបានលើកលែង ជាក់ស្តែងដូចជាក្រុមហ៊ុន Sun Hung Properties បានកើនឡើង ២,៦% ស្របពេល CK Asset Holdings និង Henderson Land Development សុទ្ធតែបានកើនឡើងលើសពី ១% ដូចគ្នា ។

ប៉ុន្តែយ៉ាងណាក៏ដោយ ក្រោយពីមានការចេញមុខបំភ្លឺពីរដ្ឋាភិបាលហុងកុង ភាគហ៊ុនរបស់ក្រុមអចលនទ្រព្យទាំងនោះ បានធ្លាក់ចុះមកវិញ ។

អ្នកស្រី Regina Ip អ្នកសម្របសម្រួលនៃក្រុមប្រឹក្សាប្រតិបត្តិករបស់រដ្ឋាភិបាល បានប្រាប់ទូរទស្សន៍ Bloomberg TV កាលពីព្រឹកថ្ងៃអង្គារថា ទីក្រុងហុងកុង អាចនឹងពិចារណាលើកលែងពន្ធបន្ថែម លើអចលនទ្រព្យ ពីអ្នកទិញមកពីចិនដីគោក ខណ:នេះជាមធ្យោបាយមួយ ដើម្បីជំរុញសេដ្ឋកិច្ច ឱ្យមានការងើបឡើងវិញ ។

ប៉ុន្តែ នៅក្រោយមក លោកស្រីបានចេញមុខបញញជាក់ប្រាប់ទៅកាន់វិទ្យុពាណិជ្ជកម្មហុងកុងវិញថា វាគឺគ្រាន់តែជាសំណើ របស់គណបក្សប្រជាជនថ្មី របស់លោកស្រី ដើម្បីដាក់ជូនទៅកាន់រដ្ឋាភិបាល ក្នុងអំឡុងពេលប្រជុំពិគ្រោះយោបល ប៉ុណ្ណោះ ។

បញ្ជាក់ផងដែរថា សម្រាប់អ្នករស់នៅក្នុងទីក្រុងហុងកុងស្រាប់ ត្រូវបង់ពន្ធប្រថាប់ត្រារហូតដល់ ៤,២៥% លើការទិញផ្ទះដំបូងរបស់ពួកគេ ចំណែកឯអ្នកទិញជាជនជាតិបរទេស ឬមកពីចិនដីគោកវិញ នឹងត្រូវបង់ពន្ធសរុបរហូតដល់ទៅ ៣០% ឯណោះ ៕