រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំសមត្ថកិច្ចពាក់ព័ន្ធកែទម្រង់គុណភាពប្រឡងយកបណ្ណបើកបរ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធឱ្យលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ដោយជំរុញបន្ថែមលើការយកចិត្តទុកដាក់បំពេញកិច្ចការសំខាន់ៗ បម្រើដល់ការធ្វើចរាចរណ៍ឲ្យកាន់តែមានសុវត្ថិភាព និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យសមត្ថកិច្ចពាក់ព័ន្ធពង្រឹងបន្ថែមគុណភាពសាលាបង្រៀនបើកបរដោយផ្ដោតលើ៣ចំណុចដូចជា៖ ការកែទម្រង់ សមត្ថភាពគ្រូ កែទម្រង់ការសិក្សា និងកែទម្រង់គុណភាពនៃការប្រឡងយកបណ្ណបើកបរ។

ទន្ទឹមនឹងនេះ ក៏ត្រូវបង្កើនការអប់រំផ្សព្វផ្សាយច្បាប់ បទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាការអប់រំស្ដីពីបទដ្ឋាននៃការប្រើប្រាស់ផ្លូវ ជាពិសេសផ្លូវល្បឿនលឿន និងផ្លូវឯកទិស (ហាយវ៉េ) ព្រោះវាគឺជាសមិទ្ធផលថ្មី។

លើសពីនេះ ត្រូវរឹតបន្តឹងបន្ថែមឱ្យបានម៉ឺងម៉ាត់ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងរថយន្តដឹកសម្ភារ សំណង់ដែលមិនបានគ្របឱ្យគត់មត់ល្អ។ សម្តេចក្រឡាហោមបន្ថែម។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម បានជំរុញឲ្យមានការគាំទ្រលើកម្មវិធីដកពិន្ទុបណ្ណបើកបរ ដែលអនុញ្ញាតឱ្យសមត្ថកិច្ចជំនាញអាចធ្វើការស្កេន ដឹងពីបណ្ណបើកបរ ពិតឬក្លែងក្លាយ និងពិន្ទុនៅសល់ក្នុងបណ្ណបើកបរនោះ។

គួររម្លឹកន្តិចថា ប្រព័ន្ធដកពិន្ទុបណ្ណ បើកបរត្រូវបានអភិវឌ្ឍរួចរាល់ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងផ្លូវការចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ហើយនិងដាក់ឱ្យអនុវត្តពេញលេញជាផ្លូវការនៅដើមឆ្នាំ២០២៣ខាងមុខ ដោយរង់ចាំការសម្រេចលើ ពេលវេលាសមស្របពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕