ដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត គាំទ្រដល់រោងចក្រកាត់ដេរនិងវិស័យវាយនភ័ណ្ឌនៅ​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងបរិស្ថាន បានប្រកាស​ដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត ឈ្មោះថា “WoodAI” ដើម្បីគាំទ្រដល់រោងចក្រកាត់ដេរ និងវិស័យវាយនភ័ណ្ឌ ក្នុងការកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាកិច្ចសហការក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដោយភាពច្នៃប្រឌិតរវាងក្រុមហ៊ុន H&M Group និងអង្គការ WWF នៅកម្ពុជា។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ថា កម្មវិធី WoodAI រួមចំណែកដ៏សំខាន់មួយក្នុងការដោះស្រាយកត្តាចម្បងៗ មួយចំនួនដែលបង្កឱ្យមានការកាប់បំផ្លាញព្រៃឈើ។

កម្មវិធី WoodAI អាចកំណត់អត្តសញ្ញាណប្រភេទឈើបានរហ័ស និងអាចគាំទ្រដល់រោងចក្រកាត់ដេរបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាកង្វះព័ត៌មានជុំវិញប្រភពជីវម៉ាសដែលពួកគេប្រើប្រាស់។ កម្មវិធីនេះអាចកំណត់អត្តសញ្ញាណ​ប្រភេទឈើដោយប្រើទូរស័ព្ទដៃទំនើប និងកញ្ចក់ម៉ាក្រូ នៅច្រកចូលនៃរោងចក្រដើម្បីជួយរោងចក្រក្នុងការត្រួតពិនិត្យមើលដើម្បីធានាថាប្រភេទឈើដែលពួកគេប្រើសម្រាប់ផលិតជាថាមពលក្នុងខ្សែសង្វាក់ផលិតកម្ម អនុលោមតាមគោលការណ៍របស់ក្រុមហ៊ុន H&M Group ពោលគឺឈើដែលបានមកពីចម្ការឈើដាំដូចជាស្វាយ និងស្វាយចន្ទីជាដើម ដែលអាចជួយធានាថាមិនរួមចំណែកដល់ការកាប់បំផ្លាញ ព្រៃឈើធម្មជាតិនោះឡើយ។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានមានប្រសាសន៍ថា ព្រៃឈើក្នុងប្រទេសកម្ពុជានៅមានសភាពល្អផ្តល់អំណោយផលជាទីជម្រកធម្មជាតិយ៉ាងសំខាន់ សម្រាប់ប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជជាច្រើនប្រភេទ។ ​ការ​រិះរកនូវវិធីសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗប្រកបដោយការច្នៃប្រឌិត តួយ៉ាងដូចជាកម្មវិធី WoodAI នេះ ព្រោះវាអាចដើរតួនាទីមួយក្នុងការជួយកាត់បន្ថយសម្ពាធមួយចំនួនដែលកំពុងគំរាមកំហែងដល់ព្រៃឈើធម្មជាតិ»។

ការផ្តល់ដល់រោងចក្រនូវបច្ចេកវិទ្យាដែលរួមចំណែកក្នុងការសម្រេចចិត្តបានកាន់តែប្រសើរ គឺជាការបោះជំហានល្អមួយក្នុងការរួមចំណែកកាត់បន្ថយ សម្ពាធលើព្រៃឈើ ការពារជីវចម្រុះដ៏សម្បូរបែប និងឆ្លើយតបនឹងបញ្ហា អាកាសធាតុសកល។ វាជា គន្លឹះចាំបាច់ក្នុងវិស័យវាយនភ័ណ្ឌដោយថាមពល ដែលគេ ប្រើ ក្នុង ការ ផលិត សម្លៀក បំពាក់ គឺ ជាកត្តា រួម ចំណែក ធំ បំផុត ទៅដល់ ការ បំភាយឧស្ម័ន ផ្ទះ កញ្ចក់។ ថាមពល នេះ ត្រូវ បានគេ ប្រើ ក្នុង ខ្សែសង្វាក់ផលិតកម្ម ដូច ជា ការ បោកគក់ និង ការ អ៊ុតសម្លៀក បំពាក់ជាដើម ហើយ ដែលថាមពលនេះមានប្រភពមកពី ធ្យូង ថ្ម ឧស្ម័ន និង ជីវម៉ាស ដូច ជា ឈើនេះជាដើម។

ការប្រើប្រាស់កម្មវិធី WoodAI ជាផ្នែកមួយក្នុងចំណោមវិធីសាស្ត្រផ្សេងៗ ទៀតរួមគ្នា វាក្លាយជាធនធានដ៏សំខាន់មួយក្នុងការគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងដើម្បីគ្រប់គ្រងចំការឈើដាំ និងព្រៃឈើធម្មជាតិនៅកម្ពុជា ប្រកបដោយការទទួលខុសត្រូវ។ ក្រុមហ៊ុន H&M Group គាំទ្រគម្រោង បែបនេះ ក្នុងគោលបំណងរួមចំណែកក្នុងការការពារប្រព័ន្ធអេកូឡូស៊ីព្រៃឈើ ឱ្យមានគុណភាពល្អដើម្បីបន្តស្រូបយកឧស្ម័នកាបូនិក។ ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើមានសារៈសំខាន់ណាស់ក្នុងការរក្សាសីតុណ្ហភាពពិភពលោកឱ្យនៅត្រឹម ១.៥ អង្សាសេ ហើយវាក៏មានសារៈសំខាន់ ផងដែរសម្រាប់គោលដៅរបស់ក្រុមហ៊ុន H&M Group ក្នុងការសម្រេចបាន net-zero នៅឆ្នាំ ២០៤០៕