នាល្ងាចថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួម រំលែកមរណទុក្ខជូន លោកជំទាវឧកញ៉ា នួន ពេជ្រសុផល អគ្គនាយិការងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា ដែល មហាឧបាសិកា ឈិត សន ត្រូវជាម្តាយបង្កើត ជាទីគោរពស្រលាញ់បំផុតរបស់ លោកជំទាវឧកញ៉ា បានទទួល មរណភាព នៅថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០១៖៣៦នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ។

នៅក្នុងវេលាប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ក្រៀមក្រំស្ទើររកទីបំផុតគ្មាននេះ អ្នកឧកញ៉ាប្រធាន និង គណៈ ប្រតិភូសភាពាណិជ្ជកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ ដោយសេចក្តីសោកសង្រេងជាទីបំផុត ជាមួយ លោកជំទាវឧកញ៉ា និង ស្វាមី ព្រមទាំងក្រុមគ្រួសារ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ មហាឧបាសិកា ឈិត សន បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តរ៍កុំឃ្លៀងឃ្លាតឡើយ។
លោកជំទាវឧកញ៉ា នួន ពេជ្រសុផល បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា គិត ម៉េង និងប្រតិភូសភាពាណិជ្ជកម្ម បែបនេះថា៖ “នាងខ្ញុំ និងស្វាមី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន អ្នកឧកញ៉ា គិត ម៉េង ដែលបានដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលបានផ្តល់កិត្តិយសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជូនដល់ក្រុមគ្រួសាររបស់នាងខ្ញុំ ចំពោះការបាត់បង់ អ្នកម្តាយ ឈិត សន ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត”៕









