ជម្លោះនៅមជ្ឈិមបូព៌ាកាន់តែឡើងកម្តៅខ្លាំងឡើង ដែលជំរុញឲ្យតម្លៃប្រេងឆៅប្រភេទ Brent កើនឡើងដល់ ១០០ដុល្លារក្នុងមួយបារ៉ែល ពោគឺបានកើនឡើងជាង ២៥% បើធៀបទៅនឹងខែមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅរសៀលថ្ងៃទី៩ ខែកញ្ញា តម្លៃប្រេងឆៅ Brent បានកើនឡើង ២,២% ដល់ ១០០,០៧ដុល្លារក្នុងមួយបារ៉ែល។ នេះជាលើកដំបូងហើយ គិតចាប់តាំងពីខែកក្កដា ដែលតម្លៃប្រេង Brent បានឈានដល់កម្រិតខ្ពស់បែបនេះ។ ចំណែកឯតម្លៃប្រេងឆៅ WTI របស់អាមេរិក ក៏បានកើនឡើង ១,៨% ដល់ ៩៤,៧ដុល្លារផងដែរ។
ជម្រាបជូនថាតម្លៃប្រេងបានស្ទុះឡើងយ៉ាងឆាប់រហ័ស នៅពេលដែលជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់កាន់តែតានតឹងឡើងៗ ដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការរំខានដល់ប្រភពផ្គត់ផ្គង់ថាមពលនៅមជ្ឈិមបូព៌ា។ កាលពីថ្ងៃទី៨ ខែកញ្ញា កងទ័ពអាមេរិកបានបាញ់កម្ទេចនាវារបស់អ៊ីរ៉ង់ចំនួន ៥ គ្រឿង ដើម្បីសងសឹក បន្ទាប់ពីទីក្រុងតេអេរ៉ង់បើកការវាយប្រហារលើនាវាចម្បាំងរបស់ខ្លួន។ បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានឱ្យដឹងថា នាវាចម្បាំងអាមេរិកបានគេចផុតពីការវាយប្រហាររបស់អ៊ីរ៉ង់ ដោយជោគជ័យ ហើយគ្មានយោធិនណាម្នាក់រងរបួសនោះទេ៕

