ឧកញ៉ា លី ឆេង ស្ថាបនិក និងជាអគ្គនាយក នៃប៊ែលធី គ្រុប កាលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានជួបសំណេះសំណាលជាមួយអាណាព្យាបាល ព្រមទាំងចែកឯកសណ្ឋាន និងសម្ភារៈសិក្សាជូនដល់កូនៗបុគ្គលិក ប៊ែលធី សំណង់ ដែលលោកបានផ្តល់អាហារូបករណ៍ ១០០% ចំនួន ២៩នាក់។

ឯកឧត្តម លី សុវណ្ណ អគ្គនាយករង នៃប៊ែលធី គ្រុប បានឱ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុកថា ប្អូនៗ ក្មួយៗ ពិតជាមានសំណាងណាស់ ដែលបានចូលរៀនសាលាល្អ និងមានការយកចិត្តទុកដាក់ពី ឯកឧត្តមអគ្គនាយក ដល់កូនៗ បុគ្គលិក ប៊ែលធី សំណង់ ចំនួន ២៩នាក់។ អគ្គនាយករងរូបនេះ បានបន្តថា រាល់ការចំណាយទាំងអស់ ទៅលើការបង់ថ្លៃសាលា ថ្លៃឡាន សំលៀកបំពាក់ សៀវភៅសិក្សា ព្រមទាំងថវិកា សាលាឧបត្ថម្ភជូនទាំងអស់។
«តាំងនាមឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកប៊ែលធីសំណង់ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរ ជូនចំពោះ ឯកឧត្តមអគ្គនាយក និងលោកជំទាវ សូមប្រកបតែសុខភាពល្អ កំលាំងមាំមួន ដើម្បីដឹកនាំនាវា ប៊ែលធី គ្រុប អោយមានការរីកចម្រើន និង ល្បីល្បាញ ព្រមទាំងមានការទទួលស្គាល់ពេញពិភពលោក”។ ឯកឧត្តម លី សុវណ្ណ បានបន្ថែម។
សូមជម្រាបថា ប៊ែលធី គ្រុប គឺជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយ ឧកញ៉ាបណ្ឌិត លី ឆេង។ ប៊ែលធី គ្រុប ត្រូវបានគេចាត់ទុកថាជាអ្នកត្រួសត្រាយផ្លូវម្នាក់ក្នុងវិស័យអប់រំឯកជននៅកម្ពុជា ដោយបានបង្កើតប្រព័ន្ធអប់រំដ៏ទូលំទូលាយចាប់ពីសាលាចំណេះទូទៅ រហូតដល់ថ្នាក់ឧត្តមសិក្សា។ សេវាកម្ម និងសមិទ្ធផលរបស់ ប៊ែលធី គ្រុប រួមមាន៖ ប៊ែលធីសំណង់, ប៊ែលធីទេសចរណ៍, សាលា ប៊ែលធី អន្តរជាតិ, សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ, ប៊ែលធី ទំនាក់ទំនងអន្តរជាតិ, មជ្ឈមណ្ឌលតេស្តអន្តរជាតិ, ប៊ែលធីស្រាវជ្រាវ និងបោះពុម្ព (BELTEI University Press) និងមូលនិធិសប្បុរសធម៌ ប៊ែលធី៕










