ឧកញ៉ា សំ សុខនឿន ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ជូនរាជបណ្ឌិត្យសភាកម្ពុជា បោះពុម្ភសៀវភៅ “ការផលិតសាច់ក្រក និងផលិតផលឆ្អើរ”

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY បានឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ ជូនរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈលោកបណ្ឌិតសភាចារ្យ សុខ ទូច ដើម្បីគាំទ្រការបោះពុម្ភ សៀវភៅ “ការផលិតសាច់ច្រក (សាច់ក្រក)”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់ Oknha News អតីតកូនអ្នកស្រុកក្រូចឆ្មា លោកឧកញ៉ា សំ សុខនឿន បញ្ជាក់ថា៖ “ការចូលរួមឧបត្ថម្ភជាថវិការបស់ខ្ញុំបាទនេះ គឺដើម្បីជួយជំរុញវិស័យម្ហូបអាហារ ផ្សារភ្ជាប់ទៅនឹងវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែសម្បូរបែប និងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យស្គាល់កាន់តែទូលំទូលាយតាមរយៈស្នាដៃចងក្រងសៀវភៅម្ហូបអាហារ រួមទាំងផលិតផលសាច់ក្រកនេះឡើង។”

នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោកបណ្ឌិតសភាចារ្យ សុខ ទូច មានប្រសាសន៍ថ្លែងអំណរគុណជាពន្លឹកចំពោះលោកឧកញ៉ា សំ សុខនឿន ដែលមានគំនិតចូលរួមលើកតំកើនការផ្សព្វផ្សាយសៀវភៅ “ការផលិតសាច់ច្រក (សាច់ក្រក)” នេះ។

“ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ខ្ញុំបានជួបពិភាក្សាជាមួយលោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY ។ លោកឧកញ៉ា បានចូលរួមថវិកាដើម្បីបោះពុម្ព សៀវភៅស្តីពី «ការផលិតសាច់ច្រក (សាច់ក្រក)» នៅលើពិភពលោក ចំនួន ៥ ពាន់ដុល្លារសហរដ្ឋអាម៉េរិក”។ ប្រសាសន៍របស់លោកបណ្ឌិតសភាចារ្យ សុខ ទូច ។

សូមជម្រាបថា រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងតែរៀបចំបកប្រែសៀវភៅធ្វើសាច់ក្រកតាមបែបអឺរ៉ុបដែលមានជាង៦០០ទំព័រ ហើយក៏ត្រៀមនឹងបោះពុម្ភផ្សព្វផ្សាយជាសាធារណៈ ដើម្បីចងក្រងជាឯកសារ និងរួមចំណែកលើកម្ពស់វិស័យម្ហូបអាហារ-ធុរកិច្ចនៅប្រទេសកម្ពុជា។

ដោយឡែក កាលពីខែមករា ដើមឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា ក៏បានបើកដំណើរការវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវជំនាញចុងភៅ រួមទាំងជំនាញឆុងកាហ្វេ ភេសជ្ជ: និងក្រឡុកដល់សិក្ខាកាមទូទៅផងដែរ។

គួររំឮកដែរថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឧកញ៉ា សំ សុខនឿន ក៏ទើបតែបានដឹកនាំសប្បុរសជនខ្មែរ និងសប្បុរសជនជប៉ុន នាំយករថយន្តគិលានសង្គ្រោះចំនួន ៥គ្រឿង ជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មផងដែរ។

ក្រៅពីជាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យ ឧកញ៉ា សំ សុខនឿន តែងតែចូលរួមសកម្មភាពសប្បុរធម៌ចុះជួយសង្គមជាហូរហែ៕