ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថានឹងផ្តល់ប្រាក់ចំនួន ៥ ០០០ដុល្លារ ដល់ប្រជាពលរដ្ឋអាមេរិក ដែលជាមនុស្សពេញវ័យគ្រប់រូប ប្រសិនបើគណបក្សសាធារណរដ្ឋនៅតែបន្តគ្រប់គ្រងសភា ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលគ្រោងរៀបចំធ្វើឡើងក្នុងខែវិច្ឆិកាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuter។

លោក ត្រាំ បានថ្លែងនៅក្នុងមហាសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋនៅទីក្រុង Dallas រដ្ឋ Texas កាលពីថ្ងៃទី៩ ខែកញ្ញា ថា៖ “ប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះទាំងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ដោយសារតែកម្លាំងដ៏ខ្លាំងក្លា និងសេដ្ឋកិច្ចរីកចម្រើន ខ្ញុំនឹងផ្តល់ប្រាក់ ៥ ០០០ដុល្លារ ដល់ពលរដ្ឋពេញវ័យគ្រប់រូប។ លក្ខខណ្ឌតែមួយគត់ដែលខ្ញុំកំណត់ គឺប្រាក់នោះត្រូវតែយកទៅប្រើប្រាស់នៅក្នុងប្រទេសអាមេរិក”។
តែទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នមិនទាន់មានព័ត៌មានលម្អិតបន្ថែមណាមួយអំពីសំណើនេះនៅឡើយទេ។ យោងតាមសារព័ត៌មាន CNN ប្រសិនបើលោក ត្រាំ អាចសម្រេចបានតាមការសន្យានេះមែន នោះវាអាចត្រូវបានគេមើលឃើញថាជាសកម្មភាពទិញទឹកចិត្តម្ចាស់ឆ្នោត។
គួរជម្រាបជូនថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ត្រូវបានគេមើលឃើញថាជាការស្ទង់មតិលើរដ្ឋបាលរបស់លោក ត្រាំ។ អង្គភាព Decision Desk HQ ដែលជាអង្គភាពជំនាញលើការវិភាគទិន្នន័យបោះឆ្នោត បានព្យាករថា គណបក្សប្រជាធិបតេយ្យនឹងទទួលបានការគ្រប់គ្រងសភាតំណាងរាស្ត្រដោយសំឡេង ២៣០ ទល់នឹង ២០៥ និងព្រឹទ្ធសភាដោយសំឡេង ៥១ ទល់នឹង ៤៩ ដែលនោះមានន័យថា គណបក្សរបស់លោក ត្រាំ អាចនឹងបាត់បង់ការគ្រប់គ្រងសភាទាំងពីរ។ អត្រាគាំទ្រលោក ត្រាំ ក្នុងការស្ទង់មតិចុងក្រោយនេះបានធ្លាក់ចុះមកក្រោម ៣០%៕

