ក្រុមហ៊ុន Wanli Stone ដែលជាក្រុមហ៊ុនធំមួយរបស់ចិន ថានឹងជួយបង្កើនទំនុកចិត្ត និងជំរុញទឹកចិត្តដល់សហគ្រិនចិនដែលមានបំណងពង្រីកការវិនិយោគ ឱ្យមកកាន់កម្ពុជា។

នេះបើយោងតាមជំនួបពិភាក្សាតុមូលស្តីពីការវិនិយោគនៅកម្ពុជា ដែលនេះជារបៀបវារៈអមមួយនៃព្រឹត្តិការណ៍ ពិព័រណ៍វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចិន លើកទី២៦ កំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងសៀម៉ិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងកសាងស្ពានចម្លងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងផ្លាស់ប្តូរព័ត៌មានវិនិយោគដោយផ្ទាល់រវាងថ្នាក់ដឹកនាំ និងវិស័យឯកជនកម្ពុជា ជាមួយនិងវិនិយោគិន ព្រមទាំងធុរជនសក្តានុពលក្នុងក្រុងសៀមិន។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់បទបង្ហាញពីបរិយាកាសវិនិយោគនៅកម្ពុជា និងបានរំលេចពីសុខសន្តិភាព ស្ថិរភាពនយោបាន លំនឹងម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយបើកចំហរទទួលអ្នកវិនិយោគបរទេស ព្រមទាំងកញ្ចប់លើកទឹកចិត្តវិនិយោគដ៏មានភាពប្រកួតប្រជែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់អំពីទិសដៅនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងកាលានុវត្តភាពវិនិយោគក្នុងវិស័យអាទិភាពជាច្រើន ដែលឆ្លើយតបទៅនឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល។

ជាមួយគ្នានោះ លោក Wang Shuangtao អនុប្រធានក្រុមហ៊ុន Wanli Stone ក៏បានឡើងចែករំលែកបទពិសោធន៍ជោគជ័យជាក់ស្តែងនៃការវិនិយោគរបស់ខ្លួននៅកម្ពុជា ដើម្បីបង្កើនទំនុកចិត្ត និងជំរុញទឹកចិត្តដល់សហគ្រិនចិនដែលមានបំណងពង្រីកការវិនិយោគមកកាន់កម្ពុជា។
សូមជម្រាបដែរថា កម្មវិធីនេះ ក៏បានឈានចូលដល់វគ្គពិភាក្សា និងការផ្គូផ្គងដៃគូធុរកិច្ច ដែលនៅក្នុងនោះ មន្ត្រីជាន់ខ្ពស់កម្ពុជា និងសហគ្រិនធំៗនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើគម្រោងវិនិយោគជាក់ស្តែង និងកាលានុវត្តភាពកិច្ចសហប្រតិបត្តិការនាពេលអនាគត ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធបំផុតថែមទៀត៕ អត្ថបទ៖ហ្សាលីន

