កម្ពុជាបានផ្សព្វផ្សាយសក្តានុពលផលិតផលទៅកាន់ក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិ ប្រមាណ១០០០ក្រុមហ៊ុន ក្នុងពិព័រណ៍នាទីក្រុងអ៊ីស្តង់ប៊ុល

សង្គម​ និង​សេដ្ឋកិច្ច

លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្ម បានចូលរួមកម្មវិធីពិព័រណ៍ផលិតផលនិងបច្ចេកវិទ្យាផលិតកម្មម្ហូបអាហារ និងភេសជ្ជៈ (F Istanbul 2025) ដែលធ្វើឡើងចាប់ពីថ្ងៃទី២-៥ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មអ៊ីស្តង់ប៊ុល នាទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានទូតកម្ពុជាប្រចាំតួកគីយ៉េ បានឱ្យដឹងថា កម្មវិធីពិព័រណ៍ពាណិជ្ជកម្មនេះផ្តោតទៅលើផលិតផលម្ហូបអាហារ ភេសជ្ជៈ បង្អែម គ្រាប់ធញ្ញជាតិ និងផ្លែឈើស្ងួត អាហារសម្រន់ គ្រឿងម៉ាស៊ីននិងបច្ចេកវិទ្យាកែច្នៃនិងវេចខ្ចប់ម្ហូបអាហារនិងភេសជ្ជៈ ប្រព័ន្ធស្វ័យប្រវត្តិកម្មនិងបច្ចេកវិទ្យាសុវត្ថិភាពចំណីអាហារនិងភេសជ្ជៈ។

ក្នុងនោះមានក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិ ប្រមាណ១០០០ក្រុមហ៊ុន មកពី១៦ប្រទេស បានចូលរួមតាំងបង្ហាញនូវផលិតផលនិងបច្ចេកវិទ្យារបស់ខ្លួនជូនដល់អ្នកជំនាញក្នុងវិស័យផលិតកម្មនិងកែច្នែម្ហូបអាហារនិងអ្នកទស្សនាពិព័រណ៍។

ឆ្លៀតក្នុងឱកាសនោះ ដើម្បីជាការចង់បង្ហាញ និងផ្សព្វផ្សាយនូវកសិផលដែលមានសក្កានុពលរបស់កម្ពុជាទៅកាន់អន្តរជាតិ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានជួបជាមួយនឹងក្រុមហ៊ុននាំចូលគ្រាប់ស្វាយចន្ទី អង្ករ ម្រេច ផ្លែឈើក្រៀម និងគ្រាប់ធញជាតិមួយចំនួន ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលនៃផលិតផលកម្ពុជា និងបានផ្តល់ជូននូវព័ត៌មានទំនាក់ទំនងរបស់ក្រុមហ៊ុននិងសហគ្រាសកម្ពុជា ដែលជាអ្នកផលិត កែច្នៃនិងផ្គត់ផ្គង់នូវផលិតផលទាំងនេះ ជូនដល់ក្រុមហ៊ុនក្នុងប្រទេសតួកគីយ៉េនិងប្រទេសផ្សេងៗទៀត។

ការផ្សព្វផ្សាយរបស់លោកអនុព័ន្ធពាណិជ្ជកម្មនេះ គឺដើម្បីឱ្យធុរជននិងវិនិយោគិនទាំងនោះអាចភ្ជាប់ទំនាក់ទំនងនិងសិក្សាអំពីលទ្ធភាពក្នុងការធ្វើធុរកិច្ចរួមគ្នា ក្នុងគោលដៅបង្កើនទំហំពាណិជ្ជកម្ម និងពង្រីកទីផ្សារផលិតផលកម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕