រាជធានីភ្នំពេញ, ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៦ — ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលមាន ក្រុមហ៊ុនមូលបត្រ កម្ពុ ម.ក ជាទីប្រឹក្សាហិរញ្ញវត្ថុ និងជាក្រុមហ៊ុនធានាទិញមូលបត្រ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណៈជន វិនិយោគិន និងភាគីពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា ក្រុមហ៊ុនបានសម្រេច ពន្យារពេលកាលបរិច្ឆេទបិទសម្រាប់ការទិញភាគហ៊ុនជាផ្លូវការ រហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ៤:០០ រសៀល។

ការពន្យារពេលកាលបរិច្ឆេទបិទការទិញភាគហ៊ុននេះ គឺជាការឆ្លើយតបទៅនឹង តម្រូវការខ្ពស់ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនសាធារណៈ ចំពោះការវិនិយោគក្នុងភាគហ៊ុនរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក។ ការចាប់អារម្មណ៍នេះបានបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនចំពោះសក្តានុពលអាជីវកម្ម និងទិសដៅរីកចម្រើនរបស់ក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យ។
ជាមួយគ្នានេះ ការកែសម្រួលកាលបរិច្ឆេទបិទនេះ មានគោលបំណងផ្តល់ ពេលវេលាបន្ថែម និងឱកាសកាន់តែទូលំទូលាយ ដល់វិនិយោគិនដែលមានចំណាប់អារម្មណ៍ក្នុងការទិញភាគហ៊ុន ប៉ុន្តែមិនទាន់មានឱកាសបំពេញនីតិវិធីពាក់ព័ន្ធ។ តាមរយៈការពន្យារពេលនេះ វិនិយោគិនដែលមានបំណងចូលរួមវិនិយោគ អាចមានពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាព័ត៌មាន ពិចារណាឱកាសវិនិយោគ និងរៀបចំឯកសារចាំបាច់សម្រាប់ការដាក់ពាក្យស្នើសុំទិញភាគហ៊ុន។
កាលបរិច្ឆេទបិទថ្មីនេះ នឹងផ្តល់ឱកាសបន្ថែមដល់វិនិយោគិនសាធារណៈដែលមិនទាន់បានចូលរួម ដើម្បីអាចពិចារណា និងចូលរួមក្នុងឱកាសវិនិយោគនេះ មុនពេលការទទួលពាក្យស្នើសុំទិញភាគហ៊ុនត្រូវបានបិទជាផ្លូវការ។
ក្រុមហ៊ុន បុរី វិមានសំណាង ម.ក. ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលផ្តោតលើការផ្តល់ជូនគេហដ្ឋានដែលមានគុណភាព ការរចនាប្រកបដោយសោភ័ណភាព និងបរិយាកាសរស់នៅសមស្របសម្រាប់អតិថិជន។ តាមរយៈការចូលរួមពីវិនិយោគិនសាធារណៈ ក្រុមហ៊ុនមានគោលបំណងបន្តពង្រឹងមូលដ្ឋានអាជីវកម្ម ពង្រីកសក្តានុពល និងបន្តអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាពនាពេលអនាគត។
ការចាប់អារម្មណ៍ និងការគាំទ្រពីសំណាក់វិនិយោគិនសាធារណៈ គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ក្រុមហ៊ុន និងជាការបង្ហាញពីទំនុកចិត្តរបស់សាធារណជនចំពោះដំណើរការអាជីវកម្ម និងទស្សនវិស័យរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនសូមបន្តប្តេជ្ញាអនុវត្តអាជីវកម្មប្រកបដោយតម្លាភាព ទំនួលខុសត្រូវ និងការគោរពតាមបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីបង្កើតទំនុកចិត្ត និងតម្លៃប្រកបដោយចីរភាពសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។
ក្រុមហ៊ុន បុរី វិមានសំណាង ម.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វិនិយោគិន សាធារណជន អតិថិជន ដៃគូអាជីវកម្ម និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងទំនុកចិត្តចំពោះក្រុមហ៊ុន។
ក្រុមហ៊ុនសូមអំពាវនាវដល់វិនិយោគិនដែលមានចំណាប់អារម្មណ៍ និងមានបំណងចូលរួមទិញភាគហ៊ុន សូមប្រើប្រាស់ឱកាសនៃការពន្យារពេលនេះ ដើម្បីសិក្សាព័ត៌មានពាក់ព័ន្ធ និងរៀបចំការដាក់ពាក្យស្នើសុំទិញភាគហ៊ុនឱ្យបានទាន់ពេលវេលា។





