រដ្ឋមន្ត្រីពាណិជ្ជកម្ម លើកទឹកចិត្តឱ្យក្រុមហ៊ុនធំមួយ បន្តវិនិយោគលើបច្ចេកវិទ្យាទំនើបនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញបំពេញទស្សនកិច្ចនៅក្រុមហ៊ុន XO TEX Industrial Co., Ltd.។ទន្ទមគ្នានេះ លើកទឹកចិត្តឱ្យក្រុមហ៊ុនធំមួយ បន្តវិនិយោគលើបច្ចេកវិទ្យាទំនើបនៅកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើនេះ បានធ្វើឡើង នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញបំពេញទស្សនកិច្ចនៅក្រុមហ៊ុន XO TEX Industrial Co., Ltd. ដោយមានការទទួលស្វាគមន៍ពីលោកស្រី Emily Sun Joo Kaisen នាយិកាជាន់ខ្ពស់ និងជាប្រធានប្រចាំប្រទេសទទួលបន្ទុកប្រតិបត្តិការស្វែងរកប្រភពផ្គត់ផ្គង់ នៃក្រុមហ៊ុន Adidas និងលោក Ching Kelvin ប្រធានក្រុមហ៊ុន XO TEX Industrial Co., Ltd.។

ទស្សនកិច្ចនេះក៏បានផ្តល់ឱកាសដល់ភាគីទាំងពីរ ពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីប្រតិបត្តិការរបស់ក្រុមហ៊ុន រួមមានការបញ្ជាទិញ សកម្មភាពនាំចេញ បញ្ហាប្រឈមក្នុងការធ្វើធុរកិច្ច និងផែនការអភិវឌ្ឍនាពេលអនាគត។

ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្រ្តី បានកោតសរសើរក្រុមហ៊ុនចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលគិតគូរដល់បរិស្ថាន ប្រសិទ្ធភាពថាមពល ការអនុវត្តផលិតកម្មទំនើប និងសុខុមាលភាពរបស់កម្មករនិយោជិត។ លោកស្រី ក៏បញ្ជាក់បន្ថែមថា ការអនុលោមតាមលក្ខខណ្ឌការងារ ព្រមទាំងស្តង់ដារអន្តរជាតិពាក់ព័ន្ធនឹងបរិស្ថាន និងផលិតកម្ម មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងភាពប្រកួតប្រជែង និងកិត្យានុភាពនៃឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់កម្ពុជានៅលើទីផ្សារអន្តរជាតិផងដែរ។

ជាមួយគ្នានេះ លោកស្រី ក៏បានជម្រាបជូនអំពីការដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អេឡិចត្រូនិក (e-Certificate of Origin) ក្នុងគោលបំណងបន្តលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសតាមរយៈការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីធានាបាននូវតម្លាភាព ទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងធានាការអនុលោមតាមលក្ខខណ្ឌតម្រូវនៃវិធានដើមកំណើតទំនិញក្រោមនិងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។

ជារួមតាមរយៈជំនួបនោះ លោកស្រីរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តវិនិយោគលើបច្ចេកវិទ្យាទំនើប ការអភិវឌ្ឍជំនាញរបស់កម្មករនិយោជិត ការលើកកម្ពស់ផលិតភាព កិច្ចគាំពារបរិស្ថាន ព្រមទាំងការអនុលោមតាមស្តង់ដារអន្តរជាតិ និងច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕អត្ថបទ​៖ហ្សាលីន