លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ប្រចាំឆ្នាំ២០២៦ ដែលជាចំណាត់ថ្នាក់កម្រិតខ្ពស់ និងជាការទទួលស្គាល់ ៣ឆ្នាំជាប់គ្នា ចំពោះប្រសិទ្ធភាពនៃការដឹកនាំធនាគារកណ្តាលរបស់លោកជំទាវ។

លោកស្រីបានស្ថិតក្នុងបញ្ជីចំណាត់ថ្នាក់នេះក្នុងចំណោមទេសាភិបាល ធនាគារកណ្តាលនៃបណ្តាប្រទេស ដែលមានប្រព័ន្ធហិរញ្ញវត្ថុរីកចម្រើនដូចជា ឯកឧត្តម Martin Schlegel ទេសាភិបាល ធនាគារជាតិនៃប្រទេសស្វ៊ីស លោក Khaled Mohamed Balama Al Tameemi ទេសាភិបាល ធនាគារកណ្តាល អេមីរ៉ាតអារ៉ាប់រួម (UAE) និងលោក Eli Remolona ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន ជាដើម។
Global Finance បានផ្សព្វផ្សាយបញ្ជីចំណាត់ថ្នាក់ឥស្សរជនជាថ្នាក់ដឹកនាំធនាគារកណ្តាលនេះជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩៤ ដោយវាយតម្លៃលើប្រសិទ្ធភាពការងាររបស់ថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ ១០០ ប្រទេសជុំវិញពិភពលោក ជាពិសេសលើការអនុវត្តនយោបាយរូបិយវត្ថុ ក្នុងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
នេះជាចំណាត់ថ្នាក់ល្អដែលលោកស្រីទេសាភិបាល ទទួលបានបីឆ្នាំជាប់គ្នា បន្ទាប់ពីលោកជំទាវត្រូវបានតែងតាំងជា ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣។

