សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅបារាំង) បានអញ្ជើញជួបពិភាក្សាការងារក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំប្រទេស និងស្ថាប័នមួយចំនួន នៅប្រទេសបារាំង ដើម្បីពង្រីកទំនាក់ទំនង។

ថ្នាក់ដឹកនាំប្រទេស និងស្ថាប័នមួយចំនួន នៅបារាំង ដែលសម្តេចធិបតី បានជួបពិភាក្សាក្រភផ្លូវការនោះរួមមាន៖ លោក Duma Gideon Boko ប្រធានាធិបតីបុតស្វាណា, លោក Akihiko Nishio អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកការអភិវឌ្ឍហិរញ្ញវត្ថុ, លោកសាស្ត្រាចារ្យបណ្ឌិត Khaled EI Enany អគ្គនាយកអង្គការ UNESCO មុនពេលចូលរួមកិច្ចប្រជុំកំពូលស្ដីពីសុខភាពតែមួយ។

សូមជម្រាបដែរថា នៅថ្ងៃដំណាលើគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតជាមួយ លោក Emmanuel Macron ប្រធានាធិបតីបារាំង លោកTedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) និងប្រមុខរាជ/រដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួនទៀត នៅសាធារណរដ្ឋបារាំងផងដែរ។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញចាកចេញពីកម្ពុជា ទៅចូលរួម “កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ” នៅប្រទេសបារាំង ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស ប្រទេសបារាំង។ការអញ្ជើញទៅចូលរួមកិច្ចប្រជុំនេះ គឺតបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង៕ អត្ថបទ៖ ហ្សាលីន


