ក្រុមហ៊ុនអន្តរជាតិមួយ ប្ដេជ្ញាបន្តកិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន VINCI Group ដែលជាក្រុមហ៊ុនអន្តរជាតិឈានមុខគេក្នុងការគ្រប់គ្រង និងដំណើរការអាកាសយានដ្ឋានធំៗ ប្ដេជ្ញាបន្តកិច្ចសហការជាមួយកម្ពុជាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបរវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុន VINCI Airport និងជានាយកទទួលបន្ទុកតំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Société Concessionnaire de l’Aéroport (SCA) កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ តំណាងក្រុមហ៊ុន បានលើកឡើងពីការធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពចុងក្រោយនៃអាកាសយានដ្ឋាននៅខេត្តព្រះសីហនុ និងវឌ្ឍនភាពនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងការផ្លាស់ប្តូរ និងពិភាក្សាអំពីទស្សនវិស័យវិស័យទេសចរណ៍ និងវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុន ក្នុងការរៀបចំផែនការសកម្មភាពផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍ និងការគាំទ្រដល់ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជារហូតមក។

លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហការរវាងវិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍ ក្នុងការលើកកម្ពស់ការតភ្ជាប់អន្តរជាតិ និងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានចីរភាព និងប្រកួតប្រជែងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា តាមរយៈកិច្ចជំនួបខាងលើ ភាគីទាំងពីរ បនឯកភាពបន្តសហការរៀបចំផែនការសកម្មភាពផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាស ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាកាន់តែច្រើន៕