កម្ពុជា ឈ្នះក្តីលើរឿងគណៈកម្មការអឺរ៉ុប ដកហូតការអនុគ្រោះពន្ធ ការនាំចូលអង្ករពីកម្ពុជាទៅអឺរ៉ុប

សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាបានឈ្នះក្តីលើបណ្តឹងតវ៉ាចំពោះសេចក្តីសម្រេចរបស់គណៈកម្មការ​អឺរ៉ុប ដែល​បាន​ដក​ហូត​ការ​អនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករ​គ្រាប់​វែង (Indica Rice) ពីកម្ពុជាទៅកាន់​សហភាពអឺរ៉ុប។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចុះ​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សំណុំរឿងលេខ T-269/19 ដែល​គណៈកម្មការ​អឺរ៉ុប​បាន​ដាក់​វិធាន​ការ​រឹត​​ត្បិត​ការ​អនុគ្រោះពន្ធ សម្រាប់​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប ចុះ​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៩ ​​ត្រូវ​បាន​ប្តឹង​កាល​ពី​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ២០១៩ ទៅ​កាន់​តុលាការ​នៃ​សហភាព​អឺរ៉ុប ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ដឹកនាំ​ដោយ​ឯកឧត្តម សុខ ពុទ្ធិវុធ ជាមួយ​នឹង​មេធាវី​អន្តរជាតិ ក្នុង​គោលបំណង​រក​យុត្តិធម៌ សម្រាប់​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប ជាពិសេស​អង្ករ​គ្រាប់​វែង​ ដែល​គណៈកម្មការ​អឺរ៉ុប​បាន​ដាក់​ពន្ធ​ពី​លើ។

សាលក្រម​ចុះ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ២០២២ របស់​សាលា​ដំបូង នៃ​សហភាព​អឺរ៉ុប​ បាន​បញ្ជាក់​ថា ការ​ដាក់ពន្ធ​របស់​គណៈកម្មការ​អឺរ៉ុប​មក​លើ​អង្ករ​គ្រាប់​វែង​របស់​កម្ពុជា ​​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប គឺជា​វិធានការ​ខុស​ច្បាប់ និង​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់។

ជោគជ័យ​នៃ​ការ​ឈ្នះ​ក្តីនេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ក្រោម​គោល​នយោបាយ​អភិវឌ្ឍន៍​ច្បាស់​លាស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹក​នាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា។

គួរ​រំឭក​ថា សហភាពអឺរ៉ុប បានសម្រេចយកពន្ធអង្ករ ដែលនាំចូលពីប្រទេសកម្ពុជា រយៈពេល៣ឆ្នាំ ដោយគិត​​ផ្តើម​អនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ ហើយ​នៅ​ឆ្នាំដំបូង ឆ្នាំ២០១៩ តម្លៃពន្ធមានចំនួន​ប្រហែល ២០០ដុល្លារក្នុង១តោន, ឆ្នាំទី២ ឆ្នាំ២០២០ តម្លៃប្រហែល ១៧០ដុល្លារក្នុង១តោន និងឆ្នាំទី៣ ឆ្នាំ២០២១ តម្លៃប្រហែល ១៤២ដុល្លារក្នុង១តោន ខណៈ​ដែល​ការសម្រេចយកពន្ធនេះ ធ្វើឡើងបន្ទាប់ពីមានការតវ៉ាពី​សំណាក់​ប្រទេស​អ៊ីតាលី និងប្រទេសអេស្ប៉ាញ ដែលជាប្រទេសនាំចេញអង្ករទៅកាន់អឺរ៉ុប​ដូច​គ្នា​ផងដែរ។

សូម​ជម្រាបជូនផងដែរ​ថា សហព័ន្ធស្រូវអង្ករកម្ពុជា គឺ​ទើប​តែ​ផ្លាស់ប្តូរ​ក្បាល​ម៉ាស៊ីន​បន្ត​វេន​ថ្មី ​ដែល​​តាមរយៈកម្មវិធី​មហា​សន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតក្រុម​ប្រឹក្សា​ភិបាល អាណត្តិទី៤ ដែលប្រព្រឹត្តឡើងនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២​ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា លោកឧកញ៉ា សុង សារ៉ន ទទួលនូវសេចក្តីទុកចិត្តពីសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលសហព័ន្ធ​ស្រូវអង្ករកម្ពុជា ក្នុងការបោះឆ្នោតគាំទ្រឱ្យក្លាយជាប្រធានក្រុមប្រឹក្សាភិបាល ស្រប​ពេល​ដែល​លោកឧកញ៉ា ចាន់ សុឃាំង អតីត​អនុប្រធាន​សហព័ន្ធ បាន​ជាប់​ឆ្នោត​ជា​ប្រធាន​​សហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អាណត្តិទី៤៕