ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងសាងសង់ផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងទៅស្ពានព្រែកតាមាក់។

កិច្ចប្រជុំនេះដឹកនាំដោយលោក ភួង ភិរុណ អនុរដ្ឋលេខាធិការ តំណាង លោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ព្រមទាំងមានការចូលរួមពីសមាជិកអង្គភាពគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF) និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
ក្រសួងសាធារណការ បានឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យទៅលើការសិក្សាសមិទ្ធិលទ្ធភាពក្នុងការសាងសង់ផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងទៅស្ពានព្រែកតាមាក់ សំដៅពង្រីកការតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ទៅកាន់ផ្លូវជាតិលេខ៨ និងទៅកាន់ស្ពានព្រែកតាមាក់។
គម្រោងផ្លូវតភ្ជាប់នេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើតរាជធានីភ្នំពេញ ពង្រីកការតភ្ជាប់ បង្រួមរយៈពេលធ្វើដំណើរ និងបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋផងដែរ។


គួរឱ្យដឹងថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា- កូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ – អរិយក្សត្រ) ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លង ប្រភេទ A/C, ទទឹងស្ពានមានប្រវែងសរុប ២៧,៥ ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង។ គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ៥ ឆ្នាំ ២ ខែ និងរយៈពេលសាងសង់ចំនួន ៣ ឆ្នាំ ៩ ខែ(៤៧ខែ)។ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលម្អិត ជាគម្រោងដែលមានទឹកប្រាក់ឥណទានជាង ២៤៥ លានដុល្លារ។

រីឯគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី២ ដែលបានកំពុងដំណើរការសាងសង់ បន្ទាប់ពីបានបើកការដ្ឋានកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។ គម្រោងនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ ចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ៕