រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញការស្វាគមន៍ការវិនិយោគរបស់ក្រុមហ៊ុនចិនដែលចង់វិនិយោគផ្នែកថាមពលអគ្គិសនីក្នុងកម្រិតឧស្សាហកម្មកម្ពុជា។

នេះបើយោងតាមជំនួបពិភាក្សារវាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុន Huang New Energy Co Ltd Yunnan Branch និងក្រុមហ៊ុន Xinteyuan (Shanghai) New Energy Co Ltd កាលថ្ងៃទី១០ វិច្ឆិកា ២០២៥។
នៅក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុនចិន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសស្វាគមន៍ ក្រុមហ៊ុន Huang New Energy Co Ltd Yunnan Branch និងក្រុមហ៊ុន Xinteyuan (Shanghai) New Energy Co Ltd លើផ្នែកថាមពលអគ្គិសនីក្នុងកម្រិតឧស្សាហកម្ម ដោយប្រើប្រាស់ថាមពលកកើតឡើងវិញនិងមានតម្លៃទាប ដែលអាចជួយបានយ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា។

សូមរម្លឹកដែរថា បើគិតក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៥នេះ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៩,២ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២២៩គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ៣,៧ប៊ីលានដុល្លារអាម៉េរិក ស្មើ នឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ ៣៤៦គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ប៊ីលានដុល្លារអាម៉េរិក។
ជាការកត់សម្គាល់ត្រឹមតែរយៈ ពេល១០ខែ CDC បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៦១គម្រោង៕ អត្ថបទ៖ហ្សាលីន

