រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានអនុសហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន, តំណាងក្រុមការងារបច្ចេកទេសពន្ធដារផ្នែកឯកជន និងតំណាងក្រុមហ៊ុន សហគ្រាសឯកជនពាក់ព័ន្ធក្នុងវិស័យពន្ធដារជាច្រើនទៀត។
សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលខាងមុខនេះ។
ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ដែលនៅសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មី របស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១. ការលក់នៅខាងក្រៅព្រំដែន , ២. បញ្ហាពន្ធលើការផ្ទេរភាគហ៊ុន , ៣. ការអនុវត្តអាករលើតម្លៃបន្ថែមលើផលិតផលថ្នាំជក់នាំចូល, ៤. ពន្ធនាំចេញលើសារធាតុស្ពាន់, ៥. ការជួញដូរខុសច្បាប់លើផលិតផលបារី និងគ្រឿងស្រវឹង ,៦. បញ្ហាទាក់ទងនឹងភេសជ្ជៈមានជាតិស្ករ, ៧. សំណើសុំអន្តរាគមន៍ដើម្បីដោះស្រាយសំណើរួមរបស់តំណាងភាគីនិយោជិត និងនិយោជក រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។











