កំពង់ផែស្វយ័តក្រុងព្រះសីហនុមានសមត្ថភាពផ្ទេរ-ផ្ទុកកុងតឺន័រឆ្លងកាត់ប្រមាណ១លាន TEUs ដោយបានកើនឡើងប្រមាណ២៩% ក្នុងឆ្នាំ២០២៤។ នេះបើតាមដំណើរទស្សនកិច្ចរបស់លេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដឹកនាំដោយ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន IDP កាលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

លោក នុត អ៊ុនវ័ណរ៉ា បានឱ្យដឹងថា ដំណើទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់ពីសាវតារនៃការអភិវឌ្ឍកំពង់ផែ, ដំណើរប្រតិបត្តិការនាពេលបច្ចុប្ប្នន្ន, និងផែនការអភិវឌ្ឍលើកកម្ពស់សមត្ថភាពកំពង់ផែនាពេលខាងមុខ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាមាត់ច្រកនាំចេញនាំចូលទំនិញដ៏សំខាន់ និងជាកំពង់ផែសមុទ្រទឹកជ្រៅធំជាងគេនៅកម្ពុជា។
លោកបន្តថា ក្រោមចក្ខុវិស័យវែងឆ្ងាយ និងមុតស្រួចរបស់រដ្ឋាភិបាល បានកំណត់គោលដៅក្នុងការប្រែក្លាយកំពង់ផែនេះ ជាកំពង់ផែមេសម្រាប់បម្រើដល់សកម្មភាពពាណិជ្ជកម្មតំបន់។ កំពង់ផែនេះនឹងដើរតួនាទីកាន់តែសំខាន់នៅពេលដែលគម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវបានសាងសងរួចរាល់ជាស្ថាពរ។

នៅក្នុងដំណើរទស្សនកិច្ចនេះ ក៏បានឱ្យដឹងដែរថា នាពេលបច្ចុប្បន្ន កំពង់ផែស្វយ័តក្រុងព្រះសីហនុមានសមត្ថភាពផ្ទេរ-ផ្ទុកកុងតឺន័រឆ្លងកាត់ប្រមាណ១លាន TEUs ក្នុងមួយឆ្នាំ ដោយបានកើនឡើងប្រមាណ២៩% ក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ ដែលតួលេខនេះឆ្លុះបញ្ចាំងពីកំណើនប្រកបដោយថាមវន្ដនៃរំហូរទុនវិនិយោគ និងពាណិជ្ជកម្មរបស់កម្ពុជា។
សូមរម្លឹកដែរថា បើយោងតាមរបាយការណ៍ដែលបានដាក់ទៅទីផ្សារមូលបត្រកម្ពុជា កាលពីពេលថ្មីៗនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រដ៏ធំបំផុតរបស់កម្ពុជា ទទួលបានប្រាក់ចំណូលសរុបចំនួន ១១៤,៧៨ ពាន់លានរៀល (ស្មើនឹងប្រមាណ ២៨,៦លានដុល្លារ)ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៥ កើនឡើងជិត១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យ៉ាងណាមិញ ក្នុងរបាយការណ៍ដដែលបានលើកឡើងថា៖ “មូលហេតុចម្បងនៃការកើនឡើងចំណូល និងចំណេញប្រតិបត្តិការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺបណ្ដាលមកពីបរិមាណកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់ កសស មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់” ៕អត្ថបទ៖ហ្សាលីន





