តើឧបនាយករដ្ឋមន្រ្ដី​ ប្រាក់ សុខុន និយាយអ្វីខ្លះ ក្រោយទទួលបានតំណែងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី (CMF) លើកទី៤៧ ជាផ្លូវការ?

សង្គម​ និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងឱកាសនៃការចូលកាន់តំណែងប្រធានសន្និសីទ ថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី (CMF) ជាផ្លូវការ បានលើកឡើងបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការធានាឱ្យបាននូវភាពជោគជ័យនៃការរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃការអញ្ជើញចូលរួមរបស់ ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្ដីហ្វ្រង់កូហ្វូនីលើកទី៤៦ និងជំនួបទ្វេភាគីនៅទីក្រុងគីហ្គាលី នៃសាធារណរដ្ឋរវ៉ាន់ដា ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងឱកាសនៃការចូលកាន់តំណែងប្រធានសន្និសីទCMF លើកទី៤៧ និងការប្រកាសពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា, ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានមានមតិស្វាគមន៍ក្នុងនាមជាប្រធានសន្និសីទ CMF។ ក្នុងនោះ លោករដ្ឋមន្ត្រី ក៏បានថ្លែង អំណរគុណយ៉ាងកក់ក្ដៅចំពោះប្រទេសរវ៉ាន់ដាសម្រាប់ការរៀបចំ CMF លើកទី៤៦ ប្រកបដោយជោគជ័យ និងបានសាទរប្រទេសបារាំងសម្រាប់អាណត្តិជាប្រធាន CMF រយៈពេលពីរឆ្នាំ។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ក៏បាន ថ្លែងអំណរគុណដល់លោកស្រីអគ្គលេខាធិការ ចំពោះការបន្តប្តេជ្ញាចិត្តក្នុងការធ្វើឱ្យអង្គការ OIF ក្លាយ ជាស្ថាប័នមួយប្រកបដោយថាមវន្ត និងរក្សាបាននូវគុណតម្លៃហ្វ្រង់កូហ្វូនី។

ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីម្តងទៀត ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការធានាឱ្យបាននូវភាពជោគជ័យនៃការរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ នៅថ្ងៃទី១៤ ខែវិច្ឆិកា និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥ និង ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្ត សៀមរាប ប្រទេសកម្ពុជា។

សូមជម្រាបជូនថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម៕