ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានឧបត្ថម្ភថវិកា និងសម្ភារសិក្សា ជូនដល់សិស្សានុសិស្ស រួមទាំងគណៈគ្រប់គ្រងសាលាបឋមសិក្សាអន្លង់ចារ ព្រមទាំងមាតាបិតា អាណាព្យាបាលសិស្ស ស្ថិតនៅភូមិអន្លង់ចារ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រោមប្រធានបទ “៤.០០០រៀល ដើម្បីស្នាមញញឹមកុមារ“ ដែលជាទិវាសប្បុរសធម៌លើកទី២ នៅដើមឆ្នាំ២០២៦ របស់ធនាគារ អេស ប៊ី អាយ លី ហួរ បន្ទាប់ពីកម្មវិធីបរិច្ចាគឈាមនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ដែលបានប្រារព្ធនៅទូទាំងពិភពលោក ក្រោមប្រធានបទៈ “ផ្តល់ឈាមផ្តល់ក្តីស្រលាញ់” នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលមានអ្នកចូលរួមចំនួនជាង៥០០នាក់។

ដើម្បីចែករំលែកក្តីស្រឡាញ់ និងជួយលើកទឹកចិត្តដល់កុមារ និងសិស្សានុសិស្សនៅតាមទីជនបទដាច់ស្រយាលដែលកំពុងខ្វះខាតក្នុងការសិក្សា ធនាគារ អេស ប៊ី អាយ លី ហួរ រួមជាមួយបុគ្គលិក និងថ្នាក់ដឹកនាំ បានឧបត្ថម្ភជាសម្ភារសិក្សាដល់ សិស្សានុសិស្ស សរុបចំនួន១៤០នាក់ រួមជាមួយនឹងកាដូបន្តិចបន្តួច ជូនដល់មាតាបិតា អាណាព្យាបាលសិស្សផងដែរ ក្នុងន័យលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់កូនៗគ្រប់រូបឱ្យបានសិក្សារៀនសូត្រ។ ជាមួយគ្នានេះដែរ ធនាគារបានផ្តល់ជូនថវិកាលើកទឹកចិត្តមួយចំនួនដល់ គណៈគ្រប់គ្រងសាលា លោកគ្រូ និងអ្នកគ្រូ សម្រាប់ជាការថ្លែងអំណរគុណចំពោះការខិតខំបង្រៀន អប់រំសិស្សានុសិស្សទាំងអស់ដែល កំពុងសិក្សានៅសាលាបឋមសិក្សាអន្លង់ចារ។


កម្មវិធី “ទិវាសប្បុរសធម៌ ដើម្បីស្នាមញញឹមកុមារ” ដែលផ្តួចផ្តើមឡើង និងចូលរួមចំណែកពីគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាយុទ្ធនាការចូលរួមចំណែកមួយផ្នែកក្នុងការលើកកម្ពស់ វិស័យអប់រំធនធានមនុស្សក្នុងសង្គមសព្វថ្ងៃ។ បន្ថែមពីសាមគ្គីភាពរបស់បុគ្គលិកទាំងអស់ក្នុងការជួយដល់ ការសិក្សាកុមារនៅក្នុងសាលាបឋមសិក្សានេះ ធនាគារ អេស ប៊ី អាយ លី ហួរ ក៏បានផ្តល់ជូននូវកុំព្យូទ័រ ម៉ាស៊ីនបោះពុម្ភ ក្រដាសរ៉ាម ប៊ិក សៀវភៅសរសេរ សម្រាប់ប្រើប្រាស់នៅសាលារៀន ដែលជួយសម្រួលដល់ការងាររដ្ឋបាល និងការរៀបចំកិច្ចការបង្រៀនរបស់លោកគ្រូ អ្នកគ្រូទៀតផង។

លោក ណាង គីណាល់ នាយក នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង ធនាគារ អេស ប៊ី អាយ លី ហួរ បានលើកឡើងថា៖ “ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាគ្រឹះដ៏រឹងមាំបំផុតក្នុងការកសាងសង្គមជាតិ និងជំរុញសន្ទុះសេដ្ឋកិច្ចឱ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែលខ្វល់ខ្វាយពីសង្គម ធនាគារ អេស ប៊ី អាយ លី ហួរ តែងតែផ្តល់ត្រឡប់ទៅសហគមន៍វិញដែលខ្លួនកំពុងធ្វើប្រតិបត្តិការ តាមរយៈការលើកកម្ពស់ និងផ្តល់ការគាំទ្រដល់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរ ឡើង។” លោកបានបន្ថែមទៀតថា៖ ប្អូនៗដែលរស់នៅតាមតំបន់ជនបទដាច់ស្រយាល ហើយកំពុងជួបការលំបាក និងខ្វះខាត លទ្ធភាព គួរតែទទួលបានការថែទាំ និងការអប់រំស្មើៗគ្នា ដើម្បីឱ្យពួកគេមានសមត្ថភាពពេញលេញក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិយើងនាពេលអនាគត។ទោះបីជាក្នុងកាលទេសៈដ៏លំបាកនៅពេលនេះយ៉ាងណាក្ដី ក៏ធនាគារ អេស ប៊ី អាយ លី ហួរ នៅតែបន្តយកចិត្តទុកដាក់ដល់សហគមន៍វិញតាមរយៈការចូលរួមក្នុងកិច្ចការសង្គមជាច្រើនដើម្បីអភិវឌ្ឍវិស័យអប់រំប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពជា។ មិនតែប៉ុណ្ណោះ ធនាគារ អេស ប៊ី អាយ លី ហួរ នឹងបន្តស្វែងរកលទ្ធភាពដើម្បីជួយដល់សហគមន៍នៅក្នុងតំបន់ដាច់ស្រយាលដែលកំពុងជួបការលំបាកបន្ថែមទៀត។

អំពី ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តើមដំណើរការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ នៅឆ្នាំ២០១២ ហើយបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយពីទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្រ្តរវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc.។ បន្ទាប់មកនៅ ខែតុលា ឆ្នាំ២០២៥ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលគ្រប់គ្រងដោយ SBI Holdings, Inc. ទាំងស្រុង។

ការរួមបញ្ចូល ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទៅក្នុងបណ្តាញសកលរបស់ SBI Group គឺជាជំហ៊ានដ៏សំខាន់មួយដែលទទួលបានប្រយោជន៍ពីធនធានបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដ៏ទូលំទូលាយ និងការធ្វើសមាហរណកម្មប្រតិបត្តិការក្នុងគោលបំណងបង្កើនតម្លៃដល់អតិថិជន។ ការផ្លាស់ប្តូរនេះ គឺធ្វើឡើងដោយផ្អែកលើមូលដ្ឋានហិរញ្ញវត្ថុដ៏រឹងមាំ គិតត្រឹមឆ្នាំ២០២៤ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី១៨ ផ្អែកលើផលបត្រកម្ចីសរុបជាង ៨២១ លានដុល្លារអាមេរិក ក្នុងចំណោមធនាគារពាណិជ្ជទាំង៥៩ នៅព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំមួយ និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ចាប់តាំងពីការផ្លាស់ប្តូរទៅជាធនាគារពាណិជ្ជ ក្នុងឆ្នាំ២០២០។

បច្ចុប្បន្ន ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក មានទ្រព្យសកម្មសរុបជាង ១.១៥ ពាន់លានដុល្លារអាមេរិក និងបណ្តាញ ប្រតិបត្តិការទូទាំងប្រទេស។ ការរីកចម្រើនដ៏ធំធេងនេះ គឺជាលទ្ធផលនៃយុទ្ធសាស្ត្រដែលបានរួមបញ្ចូលគ្នាយ៉ាងរលូន រវាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធឌីជីថលដ៏ទូលំទូលាយ ជាមួយនឹងការប្រើប្រាស់សេវាផ្ទេរប្រាក់ដ៏ឈានមុខ មានដូចជា SBI Ripple ជាមួយនឹងបច្ចេកវិទ្យា Blockchainដែលបង្កើតឡើងសម្រាប់ការទូទាត់អន្តរជាតិឆាប់រហ័ស និងមានតម្លៃសមរម្យ។ តាមរយៈការរីកចម្រើននេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក កំពុងពង្រីកសេវាកម្មបន្ថែមទៀត ដើម្បីបំពេញតម្រូវការផ្នែកសេវាធនាគារឌីជីថលដ៏ងាយស្រួល ដែលកំពុងកើនឡើង និងការពង្រឹងខ្លួនឱ្យស្របទៅតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) នាពេលអនាគត។













