វិនិយោគិនកូរ៉េចង់ពង្រីកមុខជំនួញក្នុងវិស័យយានយន្តនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

វិនិយោគិនកូរ៉េបង្ហាញចំណាប់អារម្មណ៍ចង់ពង្រីកសកម្មភាពវិនិយោគលើវិស័យយានយន្ត និងសកម្មភាពដែលមានសែស្រឡាយពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមជំនួបរវាងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងក្រុមហ៊ុន Camko Infracore នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ គណៈកម្មាធិការវិនិយោគកម្ពុជា បានប្រាប់ក្រុមហ៊ុនអំពីវត្តមាននៃតុកូរ៉េ (Korea Desk) ដែលជាយន្តការជួរមុខសម្រាប់ប្រចាំការផ្តល់កិច្ចសម្រួល និងផ្តល់សេវាវិនិយោគឯកជនប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈជូនវិនិយោគិនកូរ៉េ។ បន្ថែមពីនេះក៏បានគូសរំលេចអំពីកញ្ចប់លើកទឹកចិត្តសម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលជ្រកក្រោមរបបវិនិយោគនៅកម្ពុជា ដោយផ្តោតសំខាន់លើការលើកទឹកចិត្តមូលដ្ឋាន, ការលើកទឹកចិត្តបន្ថែម, និងការលើកទឹកចិត្តពិសេស។

លើសពីនេះ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាពរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ក្នុងគោលបំណងប្រែក្លាយទីតាំងនោះទៅជាបណ្តុំកម្រងឧស្សាហកម្ម (Industrial Cluster Complex) ដែលនឹងបម្រើសេចក្តីត្រូវការរបស់សហគ្រាសដែលមានសែស្រឡាយពាក់ព័ន្ធ។

ជាការឆ្លើយតបក្រុមហ៊ុន Camko Infracore បានសន្យាថានឹងពាំនាំខ្លឹមសារនៃកិច្ចពិភាក្សាខាងលើទៅជម្រាបជូនថ្នាក់ដឹកនាំនៃសហគ្រាសរបស់ខ្លួនដើម្បីជ្រាបជាព័ត៌មាន និងពិនិត្យសម្រេចជាគោលការណ៍មុននឹងរៀបចំដំណើរទស្សនកិច្ចការងារមកកាន់កម្ពុជានាពេលខាងមុខ។

សូមជម្រាបជូនថា បច្ចុប្បន្នក្រុមហ៊ុនកូរ៉េ កំពុងវិនិយោគលើគំរោងធំៗជាច្រើននៅកម្ពុជា ដូចជា ក្រុមហ៊ុន YUNWOO ដែលកំពុងវិនិយោគ សាងសង់អាគារ Gold Tower 42, Booyoung Town, Decastle Condo, CAMKO CITY ។ល។ ខណៈកាលពីមួយទសវត្សរ៍មុន កូរ៉េជាប្រទេសនាំមុខគេ ក្នុងការវិនិយោគ លើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា៕