រាជរដ្ឋាភិបាលថ្មី ប្តេជ្ញាពេលប្រឡងជ្រើសរើសមន្ត្រីថ្មី ប្រកបដោយតម្លាភាព និងយុត្តិធម៌

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលថ្មី បាន​​ប្រកាស​ដាក់​ចេញ​នូវវិធានការ​​ថ្មី​ ក្នុង​ការ​ប្តេជ្ញា​ជ្រើសរើសមន្ត្រី​ចូល​បម្រើការងារ នៅ​តាម​ក្រសួង ស្ថាប័ន​រដ្ឋ ឱ្យ​មាន​​តម្លាភាព និង​យុត្តិធម៌ ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​សមត្ថភាព​រដ្ឋបាលសាធារណៈ ជាពិសេស​គឺ​ការ​បម្រើ​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ ឱ្យ​កាន់​តែ​ល្អ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងសុន្ទរកថា ក្នុង​អង្គប្រជុំគណៈរដ្ឋមន្ត្រី​លើក​ដំបូង សម្រាប់​នីតិកាលទី៧ នៃ​រដ្ឋសភា កាលពី​ថ្ងៃទី២៤ ខែ​សីហា ម្សិលមិញ​នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ​​បាន​មាន​​ប្រសាសន៍​ថា រាជរដ្ឋាភិបាល បាន​កំណត់​បញ្ហា​ប្រឈម​ជា​អាទិភាព​មួយ​ចំនួន ដែល​ទាមទារ​ការ​ដាក់ចេញ​នូវ​វិធានការ​គន្លឹះ សម្រាប់​ដោះស្រាយ ក្នុង​នីតិកាលទី៧​នេះ ក្នុង​នោះ​រួមមាន៖ ការ​ពង្រឹង​សមត្ថភាព​រដ្ឋបាលសាធារណៈ ដោយ​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​គុណភាព, ប្រសិទ្ធភាព, និង​សមិទ្ធកម្ម​របស់​មន្ត្រី និង​ស្ថាប័ន តាម​រយៈ​ការ​ដាក់ចេញ​ឱ្យ​អនុវត្ត​នូវ​វិធានការ​គន្លឹះ​ជាក់ស្តែង រួមមាន៖

១. ការដាក់ឱ្យអនុវត្តប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ចូលបម្រើការងារ ប្រកបដោយ​គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និង​ប្រសិទ្ធភាព។
២. ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បី​លើកកម្ពស់​គុណភាព​ការងារ​ប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
៣. ការដាក់​ឱ្យ​អនុវត្តប្រព័ន្ធ​លើកទឹកចិត្ត​គាំទ្រ​សមិទ្ធកម្ម ប្រកបដោយ សង្គតិភាព សមធម៌ ប្រសិទ្ធភាព និង​ចីរភាព។

គួរ​បញ្ជាក់​ថា ការ​ជ្រើសរើស​មន្ត្រី​ប្រកបដោយ​គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និង​ប្រសិទ្ធភាព ជា​វិធានការគន្លឹះមួយ ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល ដើម្បី​ឆ្លើយតប​ទៅ​នឹង​ភាព​ចាំបាច់​នៃ​ការ​ដោះស្រាយបញ្ហាប្រឈម និង​ការ​កែទម្រង់​វិស័យសាធារណៈ ដែល​ជា​បំណង​ប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជនកម្ពុជា និង​ដើម្បី​ឱ្យ​ប្រទេសកម្ពុជា​សម្រេច​បាន​នូវ​ ចក្ខុវិស័យក្លាយ​ជាប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់ នៅ​ឆ្នាំ២០៥០៕