មហាសេដ្ឋីផលិតហ្គេមកូរ៉េខាងត្បូងម្នាក់ ត្រូវបង់លុយ ១,៥ពាន់លានដុល្លារ ក្នុងបណ្តឹងលែងលះធំបំផុតរបស់ប្រទេស

អន្តរជាតិ

តុលាការក្រុងសេអ៊ូលកាលពីថ្ងៃទី១០ ខែកញ្ញា បានបង្គាប់ឲ្យមហាសេដ្ឋីក្រុមហ៊ុនផលិតវីដេអូហ្គេមកូរ៉េខាងត្បូង លោក Kwon Hyuk-bin បង់ប្រាក់ជាង ២ទ្រីលានវ៉ុន (១,៥ពាន់លានដុល្លារ) ក្នុងសំណុំរឿងលែងលះ ដែលជាការបែងចែកទ្រព្យសម្បត្តិដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា ចំនួននេះ បានកើនលើសពី ៩៤៤ពាន់លានវ៉ុន ដែលត្រូវបានប្រគល់ជូនក្នុងសំណុំរឿងលែងលះដូចគ្នេនេះផងដែរ រវាងប្រធានក្រុមហ៊ុន SK Group លោក Chey Tae-won និងអតីតភរិយារបស់លោក គឺលោកស្រី Roh Soh-yeong។

យ៉ាងណាមិញ លោក Kwon បានបង្កើតក្រុមហ៊ុន Smilegate ក្នុងឆ្នាំ២០០២ និងបានកសាងវាឱ្យក្លាយជាក្រុមហ៊ុនវីដេអូហ្គេមដ៏ជោគជ័យបំផុតមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង។

តុលាការគ្រួសារក្រុងសេអ៊ូល បានអនុម័តការលែងលះ និងបានបង្គាប់ឱ្យលោក Kwon ផ្ទេរភាគហ៊ុន ៣៥% នៅក្នុងក្រុមហ៊ុន Smilegate ដែលមានតម្លៃប្រហែល ២,៥ទ្រីលានវ៉ុន និងបង់ប្រាក់សុទ្ធចំនួន ៦៥ពាន់លានវ៉ុនផ្សេងទៀត។

អតីតភរិយារបស់លោក Kwon ដែលមានត្រកូល Lee បានដាក់ពាក្យសុំលែងលះនៅខែវិច្ឆិកា ឆ្នាំ២០២២ ដោយទាមទារពាក់កណ្តាលនៃភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន Smilegate Holdings (បច្ចុប្បន្នជា Smilegate)។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ជម្រាបជូនថា លោកស្រី Lee បានអះអាងថា លោកស្រីបានរួមចំណែកក្នុងការបង្កើត និងគ្រប់គ្រងក្រុមហ៊ុន Smilegate ក្នុងពេលដំបូងៗ ព្រមទាំងការជួយដោយប្រយោលតាមរយៈកិច្ចការងារផ្ទះផ្សេងទៀតផង ដូច្នេះហើយលោកស្រីមានសិទ្ធិទទួលបានពាក់កណ្តាលនៃភាគហ៊ុនរបស់លោក Kwon នៅក្នុងក្រុមហ៊ុននោះ៕​