ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល សាងសង់សម្រេចបានប្រមាណ ៣៨%ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៦ នេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ស្ថិតក្នុងឆ្នាំទី២ សម្រេចបានវឌ្ឍនភាពការងារជារួមប្រមាណ ៣៨% ហើយ។នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដែលដឹកនាំដោយលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរចុះពិនិត្យនេះ ក៏មានការចូលរួមពីក្រុមការងារអនុវត្តគម្រោង ចុះពិនិត្យការងារសាងសង់ និងវឌ្ឍនភាពគម្រោង ជាមួយតំណាងមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដឹកនាំដោយលោក Koo Bonhyun (Country Director) នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

ការចុះពិនិត្យនេះ មានការចូលរួមពី លោកនាយករងគម្រោង ប្រធានគ្រប់គ្រងគម្រោង សមាជិក-សមាជិកាក្រុមការងារគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល មន្ត្រីជំនាញ ក្រុមការងារទីប្រឹក្សាគម្រោង Dohwa-Seoyoung Joint Venture ក្រុមហ៊ុនសាងសង់ Joint Venture of KUMHO-TECHCROSS និងភាគីពាក់ព័ន្ធ។

នាឱកាសនោះ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីចូលរួមជាមួយតំណាង EDCF ក្នុងបេសកកម្មត្រួតពិនិត្យ និងប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារ លើកទី៤ (4th Joint Monitoring Meeting) ព្រមទាំងពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៦ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រសួងសាធារណការធ្លាប់បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ត្រូវបែងចែកជា២ ផ្នែករួមមាន ១). ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូទឹកកខ្វក់ ប្រវែងសរុប ១២៥,៣ គីឡូម៉ែត្រ ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ២). ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ រួមមាន ការសាងសង់បណ្តាញលូរំដោះទឹកភ្លៀង ដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកកខ្វក់ ព្រមទាំង បណ្តាញលូរំដោះទឹកភ្លៀងក្នុងក្រុងតាខ្មៅ៕ អត្ថបទ៖ហ្សាលីន