វិស័យចិញ្ចឹមសត្វនៅក្នុងស្រុក ចាប់ផ្តើមទទួលបានសេចក្តីសង្ឃឹមពីរាជរដ្ឋាភិបាលហើយ

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីកសិករដែលជាអ្នកចិញ្ចឹមសត្វនៅក្នុងស្រុក រងផលប៉ះពាល់អស់រយៈពេលច្រើនឆ្នំា តែមកដល់ពាក់កណ្តាលខែវិច្ឆិកា ឆ្នំា២០២៣ថ្មីៗនេះ វិស័យចិញ្ចឹមសត្វនៅកម្ពុជាចាប់ផ្តើមទទួលបានសេចក្តីសង្ឃឹមពីរាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនៅវិធានការសំខាន់ៗចំនួន៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា ក្នុងនាមជាប្រធានសមាគម និងតំណាងឱ្យកសិក ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វទំាងអស់ដែលបានចូលរួមវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នំា២០២៣ ឃើញថាសម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី មានការយកចិត្តទុកដាក់ ក៏ដូចជាការគំាំពារដល់វិស័យចិញ្ចឹមសត្វនិងវិស័យកសិកម្ម។

លោកបន្តថា សមាគមអ្នកចិញ្ចឹមសត្វកន្លងមានសំណូមពរឱ្យរាជរដ្ឋាភិបាលជួយ ឥលូវនេះយើងទទួលបាន ក្តីសង្ឃឹមហើយមានការជឿជាក់យ៉ាងមុតមំាទៅលើសម្តេចធិបតីហ៊ុន ម៉ាណែត។ទន្ទឹមនិងនេះ សូមស្នើទៅដល់ស្ថាប័នដែលពាក់ព័ន្ធជួយពន្លឿន និងធ្វើការងារនេះឱ្យបានទាន់ពេលវេលា។

លោកលើកឡើងថា  «កសិករនៅពេលគាត់បោះបង់មុខរបរចិញ្ចឹមជ្រូកហើយ គាត់មិនងាយងើបឡើងវិញទេ ដោយសារគាត់ក្ស័យទុន អីចឹងគាត់ក៏ត្រូវការមើលដែរ ថារយៈពេលប៉ុន្មានដែលយើងរកទីផ្សារជូនគាត់។ បើមន្ត្រីពាក់ព័ន្ធអនុវត្តបានតឹងរឹងដូចប្រសាសន៍របស់សម្តេច យើងសង្ឃឹមថាមិនយូរនោះទេ កសិករនឹងងាកមករកចិញ្ចឹមឡើងវិញ ព្រោះគាត់នៅមានទ្រុងសម្រាប់ចិញ្ចឹមជ្រូកក្នុងទីតំាងនៅឡើយ»។

បើតាមលោកស្រ៊ុន ពៅ ក្នុងនាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កសិករ ម្ចាស់កសិដ្ឋានតូច និងធំនៅក្នុងប្រទេសគឺមានការកក់ក្តៅនិងមានការត្រេកអរជាខ្លំាងនៅពេលបានលឺប្រសាសន៍របស់ សម្តេចធិបតីហ៊ុន ម៉ាណែត បានគិតគូទៅដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា។

ថ្លែងនៅក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នំា២០២៣ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា« ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព ការពារសុខភាពរបស់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការ៖ ទី១) ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងឱ្យបានម៉ាត់ចត់នៅការហាមនាំចូលម្ហូប ចំណីអាហារណាដែលខូចគុណភាព ឬគុណភាពទាប ដែលប៉ះពាល់ដល់សុខភាព មិនថាឡើយ សាច់ជ្រូកបង្កក មាន់ ស៊ុត ត្រី ខុសច្បាប់ មកព្រះរាជាណាចក្រកម្ពុជា,ទី២) កំណត់ច្រកទ្វារព្រំដែនដែលអនុញ្ញាតឱ្យវៀតណាម ការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីដើម្បីបង្កភាពងាយស្រួលក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យការនាំចូលខុសច្បាប់ផ្សេងៗ និងទី៣) ធ្វើវិសោធនកម្មអនុក្រឹត្យលេខ១៧ អនក្រ.បក ស្តីពីការដាក់ឱ្យប្រើប្រាស់ បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីតម្រូវឱ្យមានការស្នើសុំសិលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចំពោះការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត ត្រី សំដៅធានាពិនិត្យគុណភាពនិងការពារសុខភាពរបស់ប្រជាជន ស្របទៅតាមបទដ្ឋានគតិយុត្តិជាធរមាន ទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទត្រូវប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយ សម្រាប់ស្រួលដល់ការស្នើសុំលិខិតអនុញ្ញាតឱ្យបានលឿន»៕អត្ថបទ៖ សារេត