ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Metfone បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) បើកយុទ្ធនាការ «ស្រុកខ្ញុំ ម្ហូបខ្ញុំ – My Village, My Food» ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ និងអត្តសញ្ញាណម្ហូបអាហារប្រចាំតំបន់ជុំវិញប្រទេសកម្ពុជា ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Cao Manh Duc នាយកប្រតិបត្តិក្រុមហ៊ុន Metfone កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍។

យុទ្ធនាការបែបច្នៃប្រឌិត និងបច្ចេកវិទ្យានេះ ធ្វើឡើងស្របតាមអនុសាសន៍ដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជំរុញឱ្យយុវជនប្រើប្រាស់បណ្តាញសង្គម ដើម្បីលើកស្ទួយសក្តានុពលទេសចរណ៍នៅតាមភូមិស្រុករបស់ខ្លួន។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ វីដេអូខ្លីៗចំនួន ៧ ភាគ ឆ្លុះបញ្ចាំងពីម្ហូបប្រចាំខេត្តកំពត កែប ព្រះសីហនុ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងតាកែវ នឹងត្រូវផ្សព្វផ្សាយជាបន្តបន្ទាប់លើបណ្តាញសង្គមផ្លូវការ និងតាមរយៈអ្នកបង្កើតមាតិកា (Influencers) រហូតដល់ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Metfone ព្រមទាំងគូសបញ្ជាក់ថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងម្ហូបអាហារខ្មែរឱ្យកាន់តែសុសសាយទៅកាន់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស៕





