ពន្ធដារប្រមូលចំណូលបានប្រមាណជាង ៣០០.៥៩លានដុល្លារអាមេរិកក្នុងខែមករា ឆ្នាំ២០២៣

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិ នៅក្នុងខែមករា ឆ្នាំ២០២៣ បានចំនួន ១ ២១៧.៣៨ ប៊ីលានរៀល គិតជាដុល្លារប្រមាណជា ៣០០.៥៩ លានដុល្លារអាមេរិក ស្មើនឹង៨.៤២% នៃផែនការច្បាប់ថវិការឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៣
ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត កាលពីថ្ងៃទី១៦ ខែមករា បានបញ្ជាក់ថា ការប្រមូលចំណូលពន្ធក្នុងមករានេះ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែធ្នូ ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ៥០.០៤ ប៊ីលានរៀល (ប្រមាណជា ១២,៣៦ លានដុល្លារ) ស្មើនឹង ៤,២៩%។

បើតាមអគ្គនាយកដ្ឋានពន្ធដារ ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ ក្នុងនោះពន្ធលើប្រាក់ចំណូល ២០.៧៣%, អាករលើតម្លៃបន្ថែម ៨.៥៧%, និងពន្ធលើប្រាក់បៀវត្ស ១៨.០៧%។
ជាមួយគ្នានោះ ក្នុងខែមករា ឆ្នាំ២០២៣នេះដែរ ចំណូលប្រមូលពន្ធបានពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) មានចំនួន ៣៦.៦២ ប៊ីលានរៀល (ប្រមាណ ៩.០៤លានដុល្លារ) និងគិតចាប់ពីខែឧសភា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន ចំណូលពន្ធពី E-Commerce ប្រមូលបានសរុបចំនួន ២១៤.៦៨ ប៊ីលានរៀល (ប្រមាណ ៥៣.០១ លានដុល្លារ)។

ជុំវិញការប្រមូលចំណូលពន្ធជាមួយនឹងលទ្ធផលល្អប្រសើរសម្រាប់ខែមករា ឆ្នាំ២០២៣ ធៀបនឹងខែមករា ឆ្នាំ២០២២ ក៏ដូចជាផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ហើយសម្រាប់រដូវកាលប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូល សម្រាប់ឆ្នាំ២០២២ នឹងទទួលបាននូវលទ្ធផលល្អប្រសើរ និងមិនមានការថមថយឡើយ តាមរយៈប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing ដែលជាប្រព័ន្ធដ៏រឹងមាំនិងមានតម្លាភាព និងជាយន្តការយ៉ាងសំខាន់ ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ (Cross check)៕